(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានជំនឿថា នៅតំបន់កាស៊ីណូ និងក្លឹបកម្សាន្ដមួយចំនួន អាចនឹងមានបទល្មើសគ្រឿងញៀនកើតឡើង មិនថាតិច ឬច្រើននោះទេ ដូច្នេះសមត្ថកិច្ចដែលមានការពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ បង្កើនការបង្ក្រាបគ្រឿងញៀន នៅតំបន់ទាំងអស់នោះ។
ក្នុងពិធីបិទសន្និបាតលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តំបន់ដែលប្រឈមនឹងគ្រឿងញៀនខ្លាំង អាចនៅក្រុងបាវិត ខេត្តស្វាយរៀង, ក្រុងប៉ោយប៉ែត, អូស្មាច់ ឬកន្លែងដទៃទៀត ដែលមានកាស៊ីណូ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កន្លែងដទៃទៀតកុំប្រហែសឲ្យសោះ ពិសេសកន្លែងដែលមានកាស៊ីណូ ហើយកន្លែងដែលមានក្លឹបកម្សាន្ដ ត្រូវតែជាគោលដៅដែលត្រូវតែគ្រប់គ្រង ក្ដាប់ឲ្យបានជាប់ ទោះតិច ឬច្រើនមាន (គ្រឿងញៀន) តិចក៏យើងបង្ក្រាប ច្រើនក៏យើងបង្ក្រាប។ កាស៊ីណូ បើមានក្លឹបកម្សាន្ដនៅណុងទៀត កន្លែងណុងហើយជាគោលដៅនៃការចែកចាយ ប្រើប្រាស់ មិនបាច់ទៅរកណាឆ្ងាយនោះទេ»។
ដើម្បីបំពេញប្រតិបត្តិការនេះ ឲ្យទទួលបានជោគជ័យ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីទាំងអស់ត្រូវតែស្មោះត្រង់ជាមួយវិជ្ជាជីវៈ ហើយកុំប៉ះពាល់ជាមួយនឹងគ្រឿងញៀនឲ្យសោះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា គោលដៅទី២ បន្ទាប់តំបន់កាស៊ីណូ និងក្លឹបកម្សាន្ដនោះ គឺនៅតាមទីជនបទចំនួន ដែលកំពុងតែប្រឈមនឹងបញ្ហានេះ ហើយប្រសិនបើរកឃើញថាមានបទល្មើសគ្រឿងញៀនមែន ត្រូវតែចាត់វិធានការដោះស្រាយ និងបង្ក្រាបភ្លាមៗ។
បន្ថែមពីនេះ គោលដៅទី៣ ដែលត្រូវតែការពារឲ្យបានជាដាច់ខាតនោះ គឺគ្រឿងញៀនចូលក្នុងសាលារៀន ហើយគណៈកម្មការទប់ស្កាត់គ្រឿងញៀន របស់សាលានីមួយៗ ដែលកំពុងតែមានស្រាប់នាពេលបច្ចុប្បន្ននេះ ត្រូវតែបន្ដសកម្មភាពរបស់ខ្លួន។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចក្រឡាហោម ស ខេង។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនសរុប ដែលសមត្ថកិច្ចបង្រ្កាបបាន មានចំនួន៨,០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ចំនួន ១៦,២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន។
សូមជម្រាបថា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសារលិខិតកំណត់ផែនការ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
ក្រៅពីវិធានការសម្រាប់អនុវត្តហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបែងចែកចាត់ការងារអនុវត្តផងដែរ រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការ៕