(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក តាមរយៈអង្គការ USAID គ្រោងចំណាយថវិកាជាង២១លានដុល្លារអាមេរិក ដើម្បីអនុវត្តន៍គម្រោងថ្មីមួយ ដើម្បីជួយអភិវឌ្ឍ និងអភិរក្សព្រៃឡង់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២១ ខែមីនានេះ។

គម្រោងថ្មីនេះត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សា រវាងលោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន, លោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។

គម្រោងថ្មីនេះ មានឈ្មោះថាគម្រោងស្តីពី «ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី ខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថភាពរបស់ស្ថាប័ន ពាក់ព័ន្ធបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់»

លោកស្រីបណ្ឌិត សាន អីលី បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីកសិកម្មថា លោកនឹងដឹកនាំក្រុមការងារស្រាវជ្រាវគម្រោងព្រៃឡង់បៃតង ចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពជារួមនៃតំបន់នោះ ដើម្បីធើ្វការកំណត់វិសាលភាព លើការសិក្សាស្វែងយល់បឋមជំហានដំបូង បន្ទាប់មកក្នុងអំឡុងខែមេសា ឬឧសភាខាងមុខនេះ ក្រុមការងារនឹងចុះមកសិក្សា និងវាយ តម្លៃលើទិន្នន័យបឋមនោះឲ្យបានស៊ីជម្រៅ ច្បាស់លាស់ និងទូលំទូលាយជាចុងក្រោយ។

គោលបំណងសំខាន់ៗរបស់គម្រោងមាន៣ ទី១៖ ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២៖ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣៖ សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្ស៊ំា នឹងការប្រែប្រួលអាកាសធាតុ ដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយ:ពេល៥ឆ្នាំ (២០១៨-២០២២)។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយ: អង្គការ USAID ដែលបានជួយគាំទ្រផ្តល់ថវិកា សម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែងអំណរគុណផងដែរ ជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិដូចជា ព្រៃឈើ សត្វព្រៃ ប្រព័ន្ធជីវចម្រុះ ជលសាស្រ្ត និងអេកូឡូស៊ី ដែលបាន និងកំពុងផ្តល់ប្រយោជន៍ យ៉ាងមហាសាលទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច ដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។

លោករដ្ឋមន្ត្រីបន្តថា គម្រោងនេះពិតជានឹងជួយកែលម្អ និងថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃ និងទឹកជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ តាមរយ:ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាព ក្នុងដែនវិសាលភាពព្រៃឡង់។

លោកបន្ថែមថា ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការការពារ ថែរក្សាធនធានធម្មជាតិ គឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ។ ដូច្នេះគម្រោងនេះ ពិតជាសមស្របតាមឆន្ទ:របស់ក្រសួងក្នុងគោលបំណង រួមចំណែកថែរក្សាធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) ឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយ ម៉្យាងវិញទៀតគម្រោងនឹងអាចជួយលើក តម្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ ដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ តាមរយ:ធ្វើការចងក្រងជាសហគមន៍ បង្កើតមុខរបបកសិកម្ម រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងបណ្តុះបណ្តាលបច្ចេកទេស សមស្របតាមលក្ខខ័ណ្ឌភូមិសាស្រ្ត វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច។ ក្រៅពីនេះ គម្រោងនឹងជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទង នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទ នៃការវិវឌ្ឍន៍រីកចម្រើន ផ្នែកសេដ្ឋកិច្ចជាតិ និងកំណើននៃសេចក្តីត្រូវការ ស្បៀងទាំងបរិមាណ និងគុណភាព។

លោករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ច្បាស់ថា គម្រោងនឹងទទួលបានជោគជ័យតាមការរំពឹងទុក ហើយលោកបានស្នើឲ្យគម្រោង សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គភាពពាក់ព័ន្ធក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូអភិវឌ្ឍពាក់ព័ន្ធ និងវិស័យឯកជនឲ្យបានល្អប្រសើរគ្រប់កាល:ទេស: ធ្វើយ៉ាងណាឲ្យដំណើរ ការនៃការអនុវត្តគម្រោងប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

លោករដ្ឋមន្រ្តី បានស្នើឲ្យដៃគូយកចិត្តទុកដាក់ បញ្ចូលនូវបច្ចេកវិទ្យាកសិកម្ម សមស្របទៅក្នុងការដាំដំណាំការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែឆ្នៃ កសិធុរកិច្ច និងកសិ-ទេសចរណ៍ផងដែរ ដោយត្រូវធ្វើយ៉ាងណា ឲ្យសមាជិកសហគមន៍ទទួល បានការលើកកម្ពស់កម្រិត ជីវភាពកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។

សូមជម្រាបថា ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ២១លានដុល្លារ សម្រាប់រយ:ពេល៥ឆ្នាំ ដែលអនុវត្តដោយ Tetra Tech, អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕