(ភ្នំពេញ)៖ សាកលវិទ្យាល័យជីវជាំង ជាសកលវិទ្យាល័យវ័យចំណាស់មួយ នៅក្នុងចំនោមសាកលវិទ្យាល័យជាច្រើន ក្នុងប្រទេសចិន ដែលស្ថិតនៅក្នុងក្រុង ជីវ ជាំង ខេត្ត ជាំងស៊ី ។
លោក ស៊ែក សៀវ ឡុង( Xia Xiu Long) នាយកផ្នែកមហាវិទ្យាល័យសិក្សាបរទេសបានឲ្យដឹងថា សាកលវិទ្យាល័យជីវជាំង មានអាយុកាលប្រមានជាង១១៨ឆ្នាំហើយ ដែលមានផ្ទៃដីប្រហែល៥០០ហិចតា និងមាននិស្សិតសរុបជាង៥ម៉ឺននាក់ ដែលកំពុងសិក្សាជារៀងរាល់ឆ្នាំ។
សាកលវិទ្យាល័យនេះ បានចាប់ផ្ដើមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា តាមរយៈវិទ្យាស្ថានខុងជឺ ចាប់តាំពីឆ្នាំ២០១០មក បន្ទាប់ពីការចុះកិច្ចព្រមព្រៀង ក្នុងការបង្កើតវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា នៅក្នុងឆ្នាំ២០០៩ ក្រោមវត្តមានរបស់លោក ស៊ី ជីងភីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកនាយកបានបន្តទៀតថា និស្សិតកម្ពុជាដំបូងដែលមកសិក្សា ក្នុងសាកលវិទ្យាល័យជីវជាំងមានចំនួនត្រឹមតែ ៧ នាក់តែប៉ុណ្ណោះ ដោយពួកគេសិក្សាមុខជំនាញបំប៉នភាសាចិនរយៈពេលមួយឆ្នាំ។ ស្របតាមគោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់លោកប្រធាននាធិបតី ស៊ី ជីនភីង បានធ្វើឲ្យទំនាក់ទំនង់រវាងកម្ពុជា-ចិន មានភាពស្និតស្នាលកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះ សាកលវិទ្យាល័យជីវជាំង បានដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការពង្រឹងមិត្តភាពទំនាក់ទំនងប្រទេសទាំងពីរ តាមរយៈការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា។
កន្លងមកនេះ និស្សិតកម្ពុជាបានមកសិក្សានៅសាកលវិទ្យាល័យជីវជាំង តាមរយៈប្រភេទអាហារូបករណ៍ដូចខាងក្រោមនេះ ៖
១៖ អាហារូបករណ៍របស់វិទ្យាស្ថានខុងជឺ ( Confucius Institute, Han ban)
២៖ អាហារូបករណ៍របស់ខេត្តជាំងស៊ីនិងខេត្តសៀមរាប
៣៖ អាហារូបករណ៍របស់សាកលវិទ្យាល័យជីវជាំងផ្ទាល់
៤៖ អាហារូបករណ៍ផ្សេងៗ ដូចជាអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បើគិតចាប់តាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩នេះ និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ មកសិក្សានៅសាកលវិទ្យាល័យជីវជាំងសរុប៩៥រូប ក្នុងនោះ២៦ជានិស្សិត ដែលទទួលបានអាហារូបករណ៍ របស់សាកលវិទ្យាល័យជីវជាំងផ្ទាល់ និង អាហារូបករណ៍រដ្ឋបាលខេត្តជាំងស៊ី។
ក្នុងឆ្នាំ២០១៩នេះ និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យជីវជាំង មានចំនួន២៨នាក់ដែលសិក្សាលើជំនាញផ្សេងៗគ្នាដូចជា៖ វេជ្ជបណ្ឌិតទូទៅ, អក្សរសាស្រ្តចិន និង កសិកម្មជាដើម។
លោក កឿង រស្មី ប្រធាននិស្សិតកម្ពុជាប្រចាំខេត្តជាំងស៊ី បេក្ខជននិស្សិតវេជ្ជបណ្ឌិតទូទៅឆ្នាំទី៥ កំពុងសិក្សាក្នុងសាកលវិទ្យាល័យនេះ បានរៀបរាប់ពីការស់នៅរបស់និស្សិតកម្ពុជា និងការយកចិត្តទុកដាក់របស់សាលាបានឲ្យដឹងថា៖ និស្សិតកម្ពុជា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូ ការរស់នៅ និងសិក្សាក្នុងអាគារទំនើប ការសិក្សាអប់រំមានស្តង់ដារខ្ពស់ បន្ទប់សិក្សាបំពាក់ដោយឧបករណ៍ទំនើបៗ មានការចុះកម្មសិក្សាអនុវត្តន៍ផ្ទាល់ៗបន្ទប់ពិសោធន៍ (ទាំងទ្រីស្តី និងការអនុវត្ត)។ ចំពោះការបរិភោគអាហារមានផាសុខភាពល្អ និងមានរសជាតិឆ្ងាញ់ពិសា ប្រកបដោយសុវត្តិភាព ទីធ្លាសាលាធំទូលាយមានសួនច្បារជាច្រើន មានបណ្ណាល័យធំចំនួន២ ដែលអាចផ្ទុកនិស្សិតបានជាង១ម៉ឺននាក់។ នៅក្នុង និងក្រៅបរិវេណសាលា មានសុវត្តិភាពល្អ មានកាមេរ៉ាសុវត្តិភាពគ្រប់ទីកន្លែង។ សាកលវិទ្យាល័យនេះ បានធានារ៉ាប់រងលើចំណាយការព្យាបាលជំងឺ សម្រាប់និស្សិតកម្ពុជាដែលជួបបញ្ហាសុខភាព ដោយយកចិត្តទុកដាក់ខ្ពស់។
បន្ថែមលើការយកចិត្តទុក្ខដាក់ លើការរៀនសូត្ររបស់និស្សិតកម្ពុជា សាកលវិទ្យាល័យជីវជាំង បានចូលរួមយ៉ាងសកម្មក្នុងការជួយលើស្ទួយវប្បធម៌ប្រពៃណីខ្មែរ។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ កន្លងមកនេះ សាកលវិទ្យាល័យនេះ បានចូលរួមសហការ និងឧបត្ថម្ភ ជាមួយសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ក្នុងការប្រារព្ធកម្មវិធីបុណ្យវប្បធម៌ខ្មែរលើកទី២ «សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ដែលមានអ្នកចូលរួមទស្សនាប្រហែល១ម៉ឺននាក់។
សម្រាប់ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យ នៅបន្តសហការជាមួយសមាគមនិស្សិត ក្នុងការរៀបចំកម្មវិធីបុណ្យវប្បធម៌លើកទី៣ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែឧសភា ខាងមុននេះ។ លើសពីនេះទៅទៀតលោកគ្រូអ្នកគ្រូចិន តែងតែអញ្ជើញនិស្សិតកម្ពុជា ទៅចូលរួមសំដែងនៅតាមមហោស្រពជាច្រើនដើម្បី បង្ហាញឲ្យជនជាតិចិនបានស្គាល់ពីវប្បធម៌កម្ពុជា។ ជាមួយគ្នានេះដែរ និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យជីវជាំង សូមអរគុណដល់ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ ដែលតែងតែបានមើលថែទាំនិស្សិតកម្ពុជា យ៉ាងយកចិត្តទុក្ខដាក់។
ទន្ទឹមគ្នានេះដែរ នាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ លីវ សាវតុង (Liu Xiao Dong) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជីវជាំង បានផ្ញើលិខិតមកលោក អ៊ុ វុទ្ធទី អតីតប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន អាណត្តិទី១ បច្ចុប្បន្នជា ប្រធានកិត្តិយសសមាគមនិស្សិត។ ក្នុងលិខិតនោះ លោកសាកលវិទ្យាធិការ បានរំលេចអំពីការខិតខំប្រឹងប្រែង របស់សមាគមនិស្សិតកន្លងមកនេះ ជាពិសេសការចូលរួមឧបត្ថម្ភសម្ភារសិល្បៈ និងសៀវភៅមួយចំនួន ជូនមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា-ចិន នៅសាកលវិទ្យាល័យនេះផ្ទាល់ និងការចូលរួមសហការរៀបចំកម្មវិធីវប្បធម៌ខ្មែរកន្លងមកនេះ ព្រមទាំងការសហការកិច្ចការផ្សេងៗទៀត ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដើម្បីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ និងទំនាក់ទំនងដ៏យូរអង្វែងដែលជាទំនាក់ទំនង ប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ តែងតែគោរពកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះយុវជននិស្សិតកម្ពុជា ដែលមកសិក្សានៅប្រទេសចិន ជាពិសេសការគាំទ្រ និងឧបត្ថម្ភទ្រទ្រង់សកម្មភាពសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន៕