(កណ្ដាល)៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ ត្រូវបានជនល្មោមកាមម្នាក់ បានប៉ុនប៉ងលបឡើងចាប់រំលោភដល់ក្នុងមុង តែមិនបានសម្រេច ត្រូវនាងរើបំរាស់រួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអនុសេនីយ៍ឯក ថាច់ សុវណ្ណា ប្រធាននគរបាលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម ឡ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អ៊ន សុធី អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអនុសេនីយ៍ឯក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រឡប់មកពីធ្វើការវេនយប់ ហើយបានឡើងដេកនៅលើផ្ទះតែម្នាក់ឯង។ លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យ បានឡើងទៅលើផ្ទះឃើញជនរងគ្រោះកំពុងដេក លក់នៅក្នុងមុង ក៏ស្រាតខោជើងវែងរបស់ខ្លួន ចេញនៅសល់តែខោលីអូ ហើយចូលទៅធ្វើសកម្មភាពចាប់ ជនរងគ្រោះទ្រោបពីលើ និងយកដៃខ្ទប់មាត់កុំឲ្យស្រែក បម្រុងរំលោភ តែពេលនោះជនរងគ្រោះរើបំរាស់រួចស្រែកឲ្យម្តាយជួយនិងរត់ចុះមកក្រោមផ្ទះ។
លោក ថាច់ សុវណ្ណា បានបន្តថា ក្រោយពេលធ្វើជនរងគ្រោះ បានរត់ចុះមកក្រោមហើយនោះជនសង្ស័យ បានស្លៀកខោវិញ ហើយរត់ចុះតាមក្រោយ រួចគេចទៅផ្ទះបាត់។ ក្រោយពីផ្អើលឆោឡោរួច ជនរងគ្រោះបានរាយការណ៍ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច រួចសមត្ថកិច្ច ក៏ធ្វើការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើ ការសាកសួរតាមនីតិវិធី។
តាមចម្លើយសារភារបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភ ជនរងគ្រោះប្រាកដមែន ដោយលួចស្រឡាញ់ រយៈពេលប្រហែល៣ខែមកហើយតែមិនហ៊ាននិយាយប្រាប់ ឲ្យជនរងគ្រោះដឹង៕