(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង បានថ្លែងថា ទំនិញប្រមាណ៤៥ជំពូក បើគិតជាចំនួនមុខទំនិញប្រហែលជិត៦,០០០មុខ ដែលប្រទេសកម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីសហភាព សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ហើយកម្ពុជាកំពុងស្នើដាក់ទំនិញជាច្រើនមុខបន្ថែមទៀត។
ប្រទេសដែលជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនោះ រួមមានសហភាពរុស្ស៊ី សាធារណៈរដ្ឋបេឡារូស សាធារណៈរដ្ឋកាហ្សាក់ស្ថាន សាធារណៈរដ្ឋមេនី និងសាធារណៈរដ្ឋកៀហ្ស៊ីស៊ីស្ថាន ដែលមាន ប្រជាជនចំនួនជាង១៨០លាននាក់។
លោកស្រី តឹករ៉េត កំរង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយ ភាពអនុគ្រោះពន្ធ លើមុខទំនិញដែលកម្ពុជា ទទួលបានពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)។ ពិធីនេះដែរក៏មានការចួលរួមពីលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួមជាច្រើននាក់ទៀតផងដែរ។
លោកស្រី តឹករ៉េត កំរង បានថ្លែងថា ទំនិញដែលកម្ពុជានាំចេញ ទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលទទួលបានភាពអនុគ្រោះពន្ធ មាន៤៥ជំពូក បើគិតជាចំនួនមុខទំនិញប្រហែលជិត ៦,០០០មុខ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌ សម្លៀកបំពាក់ មួក និងគ្រឿងសម្រាប់ពាក់ក្បាល ខ្សែក្រវាត់ កប្បាស អង្ករកិនហើយទាំងស្រុង ឬ ពាក់កណ្តាលចុងអង្ករ ទោចក្រយាន និងត្រីចក្រយាន្តគ្មានម៉ាស៊ីន សរសៃអំបោះសំយោគ សម្លៀកបំពាក់ពីកំណាត់ចាក់ដោយម្ជុល ស្រោមដៃ ស្រោមជើងវែង ឬត្រឹមជង្គង់សម្រាប់នារី ស្បែកជើង ស្បែកជើងកីឡា ភួយ និងកម្រាលធ្វើពីកប្បាស ប្រដាប់បំពាក់នៃកែបសេះ និងបង្ហៀរសម្រាប់គ្រប់សត្វទាំងអស់ កន្សែងគ្របស្មា កន្សែងរុំក ឬកន្សែងរងាររុំក ស្បៃគ្របក្បាល និងស្បៃបាំងមុខ កាសស្តាប់ ម៉ាស៊ីនបោកគក់ ជាដើម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរួបនេះ បានបញ្ជាក់ទៀតថា រីឯទំនិញដែលកម្ពុជា នាំចូលពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី រួមមាន៖ កង់យានយន្ត រថយន្តសណ្តោងសម្រាប់សឺមីរ៉ឺម៉ក រថយន្តបែន រថយន្តគ្រប់ប្រភេទ បារី គ្រឿងបង្គុំអគ្គិសនី កាមេរ៉ា គ្រឿងចក្រ គ្រឿងម៉ាស៊ីនកសិកម្ម ម៉ាស៊ីនចាក់ពុម្ព និងលាយបេតុង ស្រាទំពាំងបាយជូរ ខ្សែធ្លុង ខ្សែកាប អាវ និងខ្សែក្រវាត់សុវត្ថិភាព កម្រាលឥដ្ឋ ទ្រនាប់ចាន ក្រណាត់បោសធូលី និងក្រណាត់ជូនសម្អាត ជី សម្ភារផ្សព្វផ្សាយពាណិជ្ជកម្ម ក្រដាសសម្រាប់បោះពុម្ពកាសែត ថ្នាំដុសធ្មេញ និងបំណែកនៃអាកាសយាន ឬឧទ្ធម្ភាគចក្រ។
លោកស្រី តឹករ៉េត កំរង បានបន្ថែមទៀតថា ក្រៅពីទំនិញដែលទទួលបានភាពអនុគ្រោះពន្ធ ពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) កម្ពុជាក៏កំពុងពិភាក្សាស្នើសុំមុខទំនិញ ដែលស្ថិតនៅក្រោមគម្រោងអនុគ្រោះពន្ធគយន្ថែមទៀត មានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កង់ និងស្ករស ដែលជាទំនិញមានសក្តានុពលរបស់កម្ពុជា។ ដូចនេះហើយ ដើម្បីបន្តកំណើនការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សាររបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក្រសួងពាណិជ្ជកម្ម នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី ក្នុងការផ្គូផ្គងអាជីវកម្មរវាងធុរកិច្ចជនរបស់កម្ពុជា និងបណ្តាប្រទេសជាសមាជិករបស់ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ផងដែរ។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ដែរថា ទីផ្សារនាំចេញបច្ចុប្បន្នរបស់ប្រទេសកម្ពុជា គឺ អឺរ៉ុប អាមេរិច ចិន និងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន ដែលជាទីផ្សារយើងកំពុងចាប់បាន ហើយយើងនៅតែបន្តពង្រឹងបន្ថែមទៀត និងបន្តពង្រីកទីផ្សារទៅកាន់តំបន់ផ្សេងៗទៀតនៃពិភពលោក ក្នុងនោះតំបន់អឺរ៉ុប-អាស៊ី គឺជាទីផ្សារដ៏មានសក្តានុពល ហើយចំពោះប្រទេសដែលជាសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប -អាស៊ី កម្ពុជាក៏មានទំនាក់ទំនងច្រើនជាមួយរុស្សី និងបេឡារុសផងដែរ៕