(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ដែលបរិភោគផលិតផលម្ហូបអាហារ ដាក់លក់លើទីផ្សារនៅះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ នៅផ្សារចំនួន២ គឺផ្សារកណ្តោលជ្រុំ ស្ថិតក្នុងស្រុកពញាក្រែក និងផ្សារខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា ថ្លែងឲ្យដឹងថា បន្ទាប់ពីការត្រួតពិនិត្យគុណភាពទំនិញ ស្លាកសញ្ញា សំបកវេចខ្ចប់ និងកាលបរិច្ឆេទប្រើប្រាស់ជាដើម លើមុខទំនិញដាក់លក់ក្នុងផ្សារទាំង២ខាងលើ ជាលទ្ធផលមន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតភេសជ្ជ: ហួសកាលបរិច្ឆេទប្រើប្រាស់បានមួយចំនួន ដើម្បីយកទុកកម្ទេចចោល រួមមាន ទឹកភេសជ្ជៈ Samurai ចំនួន១៦កំប៉ុង និងទឹកក្រូច Fanta ចំនួន១២ដប និងទឹកភេសជ្ជៈ Oishi ចំនួន០៧ដប។
ជាមួយគ្នានោះ លោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល បានបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹម និងហាមដាច់ខាតទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕