(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្តីពី សម្ព័ន្ធមេត្រីភាព រវាងកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាពស៊ីវិល។
ពិធីនេះ ប្រព្រឹត្តឡើងនៅវិមានសន្តិភាព ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អង្គភាពចំណុះក្រសងួងការពារជាតិ ថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៊ីវិល និងសប្បុរសជននានា ចំនួន៥០០នាក់ ផងដែរ។
ការងារសម្ព័ន្ធមេត្រី នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ របស់កម្ពុជាឱ្យបានកាន់តែរឹងមាំ។
តើតាមលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព បានឱ្យដឹងដែរថា គោលដំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រយៈពេល៣ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តដល់ដៃគូរសម្ព័ន្ធមេត្រីភាព ឱ្យធ្វើសកម្មភាពបន្ត និងពង្រឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានសកម្មភាពបន្ថែមទៀត។
លោកស្រី បានបន្តថា ជាពិសេសតម្រង់ទិសឱ្យមានគុណប្រយោជន៍ ជាយុទ្ធាសាស្ត្រយូរអង្វែង កៀងគរ ទាក់ទាញឱ្យបានច្រើនបន្ថែមទៀត នូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ទៅរស់នៅ ក្នុងសង្គមស៊ីវិលផងដែរ។
លោកស្រី ដាំ ដារីនី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការងារសម្ព័ន្ធមេត្រីភាព បានវិវត្តន៍រីកមច្រើនជាលំដាប់ ហើយមកដល់ពេលនេះមានស្ថាប័ន អង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុប៣៣៤នាក់ បានចងសម្ព័ន្ធមេត្រីភាពជាមួយ៩២ កងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ក្នុងបរិយាកាសសាមគ្គី ភាតរភាព អនុវត្តន៍ សិល្បៈនៃការចែករំលែកប្រកបដោយផ្លែផ្កាជាគួរទីមោទនៈ៕