(ញូដេលី)៖ អគារមួយខ្នងបានបាក់រលំនៅក្នុងរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌាតាំងពីថ្ងៃអង្គារមកម្ល៉េះ ហើយក្រុមសង្គ្រោះរហូតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះបានរកឃើញសាកសពចំនួន ០៧នាក់ហើយ ខណៈមនុស្សប្រមាណ ២០នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរអគារបាក់បែកនៅឡើយ ដែលអាចមានសង្ឃឹមថា មានអ្នកនៅរស់ច្រើនរង់ចាំការជួយសង្គ្រោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
អគារដែលបានបាក់រលំខាងលើនេះ ស្ថិតនៅក្នុងស្រុកដាវ៉ាដ (Dharwad) នៃរដ្ឋ Karnataka ហើយបើគិតក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយនៃការជួយសង្គ្រោះ មនុស្ស០២នាក់ត្រូវបានទាញចេញពីគំនរអគារដោយសុវត្ថិភាព ដោយពួកគេទាំងពីរនាក់អាចត្រឡប់ទៅផ្ទះវិញបាន ព្រោះបានរងរបួសតិចតួចប៉ុណ្ណោះ។ ក្រុមសង្គ្រោះឥណ្ឌាបានឲ្យដឹងថា បំពង់អុកស៊ីសែនត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ និងបាញ់បញ្ចូលទៅក្នុងចន្លោះប្រហោងនៃអគារបាក់បែក ដើម្បីឲ្យអ្នកដែលជាប់ខ្លួនក្នុងនោះ មានខ្យល់ដកដង្ហើមអាចរង់ចាំការជួយសង្គ្រោះ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះឥណ្ឌាកំពុងតែបន្តជីកកាយបន្តិចម្តងៗ ដើម្បីជួយសង្គ្រោះអ្នកនៅរស់នៅ ខណៈដែលប្រតិបត្តិការតាំងតែពីពេលកើតហេតុភ្លាមៗ កាលពីថ្ងៃអង្គារ មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុបរហូតដល់ទៅ ៥៦នាក់ត្រូវបានសង្គ្រោះចេញដោយសុវត្ថិភាព ហើយសកម្មភាពសង្គ្រោះអាចនឹងបន្តរហូតដល់ទៅ ០៣ថ្ងៃទៀត៕