Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅបន្ដ

21-03-2019 15:34

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនសរុប ដែលសមត្ថកិច្ចបង្រ្កាបបាន មានចំនួន៨,០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ចំនួន ១៦,២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន។

សូមជម្រាបថា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសារលិខិតកំណត់ផែនការ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

ក្រៅពីវិធានការសម្រាប់អនុវត្តហើយនោះ សម្ដេតេជោ ហ៊ុន សែន ក៏បានបែងចែកចាត់ការងារអនុវត្តផងដែរ រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការ៕