(ភ្នំពេញ)៖ រដ្ឋសភាបានយល់ព្រមលើសំណើទទួលស្គាល់ លោកស្រី គឹម សុវណ្ណា ជាតំណាងរាស្ត្រថ្មីមណ្ឌលរាជធានីភ្នំពេញជំនួស លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ រដ្ឋសភា ដែលទើបនឹងដាក់ពាក្យសុំលាលែងពីតំណែង។ ជាមួយគ្នានេះ រដ្ឋសភាក៏យល់ព្រមលើសំណើទទួលស្គាល់ លោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា ជំនួសលោក ចាន់ សុផល ដែលនឹងត្រូវក្លាយជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈផងដែរ ហើយលោកប្រាជ្ញ ច័ន្ទ នឹងត្រូវបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មការទី១។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ការប្រកាសសុពលភាពលើអ្នកទាំង៣រូប នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នាពេលខាងមុខនេះ។ ការទទួលយកសំណើទាំងនេះ បានធ្វើឡើង នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានយ៉ាងដូច្នេះថា៖ «មានសំណើប្រកាសទទួលស្គាល់លោកស្រី គឹម សុវណ្ណា តំណាងរាស្ត្រថ្មី (មណ្ឌលរាជធានីភ្នំពេញ) ជំនួសលោក ប៉ា សុជាតិវង្ស អតីតប្រធានគណៈកម្មការទី១ របស់រដ្ឋសភា។ គណបក្សប្រជាជនកម្ពុជា បានស្នើសុំឲ្យលោកស្រី គឹម សុវណ្ណា ជំនួសលោក ប៉ា សុជាតិវង្ស ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ បានឯកភាព ហើយដោយសារលោក ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មាការទី១ហ្នឹង យើងនឹងមានបែបបទរបស់រដ្ឋសភា ដើម្បីបោះឆ្នោតជំនួស»។
លោកបន្តថា «ដំបូងឡើយគឺគណៈកម្មាធិការអចិន្ត្រៃយ៍ បានពិនិត្យសំណើជ្រើសតាំងរបស់លោក ប្រាជ្ញ ច័ន្ទ បច្ចុប្បន្នជាអនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឲ្យចូលជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង នៃគណៈកម្មការទី១វិញ។ អញ្ចឹងលោក ប្រាជ្ញ ច័ន្ធ លាលែងពីសមាជិកគណៈកម្មការទី៤ ទៅជាសមាជិកសភាធម្មតា ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងដាក់បេក្ខជននោះជា សមាជិកគណៈកម្មការទី១»។
បើតាមអ្នកនាំពាក្យរដ្ឋសភា ដើម្បីជំនួសលោក ប្រាជ្ញ ច័ន្ទ គឺគណៈកម្មាធិការអចិន្ត្រៃយ៍ពីការជ្រើសរើសលោក ចាន់ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ លោក ចាន់ សុផល មិនមានជាប់ពាក់ព័ន្ធនឹងគណៈកម្មការដទៃទេ លោកជាតំណាងរាស្ត្រធម្មតា អញ្ចឹងដើម្បីជំនួសលោក ប្រាជ្ញ ច័ន្ទ ត្រូវជ្រើសរើសលោក ចាន់ សុផល ជាអនុប្រធានគណៈកម្មការទី៤។ ជានីតិវិធីដពេលលោក ប្រាជ្ញ ច័ន្ទ និងលោក ចាន់ សុផល បានក្លាយជាសមាជិកគណៈកម្មការហើយ គណៈកម្មការទី១ នឹងបោះឆ្នោតជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ ជាប្រធាន ហើយលោក ចាន់ សុផល ជាអនុប្រធានគណៈកម្មការទី៤៕