(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងឈានមុខ គម្រោងបៃតងការគ្រប់គ្រងសំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្ដកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង។
ការបញ្ជាក់យ៉ាងដូច្នេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ អគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) ដែលមានកម្ពស់៤០ជាន់ ស្ថិតនៅតំបន់ពាណិជ្ជកម្ម កណ្ដាលរាជធានីភ្នំពេញ BKK1 នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។
លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានខិតខំលើកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្ម ស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូ កាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា។
ក្នុងន័យនេះ ក្រសួងបាននិងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្ដនូវលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក និងថង់ប្លាស្ទិក ព្រមទាំងការអនុវត្ដ «ផែនការយុទ្ធសាស្ដ្រទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ២០១៦-២០២៥» ផងដែរ។ នេះជាការបន្ថែមរបស់លោក សាយ សំអាល់។
លោកថា «ក្រសួងក៏កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងឈានមុខ គម្រោងបៃតង ការគ្រប់គ្រងសំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្ដកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែលបង្កលក្ខណៈឲ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវនានា ជាពិសេស «គោលនយោបាយ ឈ្នះ-ឈ្នះ» យុទ្ធសាស្ដ្រចតុកោណទាំង៣ដំណាក់កាល និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ជាបន្ដបន្ទាប់ ដែលជាការបុកគ្រឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោករដ្ឋមន្ដ្រី បានថ្លែងថា សម្រាប់នីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៥» បន្ដពីយុទ្ធសាស្ដ្រចតុកោណដ៏ជោគជ័យ ចំនួន៣ដំណាក់កាលកន្លងទៅ ដោយក្នុងនោះ ការបន្ដរក្សាឲ្យនូវសុខសន្ដិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យពិតប្រាកដ នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។
លោក សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា នេះគឺការធានាដ៏រឹងមាំបំផុត សម្រាប់ការវិនិយោគឯកជន ក៏ដូចជាគ្រប់សកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានា ដែលជាកម្លាំងចលករដ៏សំខាន់ សម្រាប់ពន្លឿនសន្ទុះ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត៕