(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ថ្មី គឺលោក Sardar Umar Alam បានប្ដេជ្ញាថាអង្កការយូណេស្កូនៅតែបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផ្នែកអភិវឌ្ឍន៍ជំនាញ និងការងារសម្រាប់យុវជន។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា វិស័យអប់រំនៅកម្ពុជាបានកំពុងតែមានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ខ្ពស់
លើវិស័យធនធានមនុស្សជាចំណុចអាទិភាព។
លោកបានអរគុណដល់អង្គការយូណេស្កូដែលបានជួយដល់វិស័យការងារ ដូចជាការបណ្តុះបណ្តាលដល់សិស្ស-និស្សិត កាលពីពេលកន្លងមក។ ក្រៅពីកិច្ចសហប្រតិបត្តិការ យូណេស្កូក៏បានក៏បានបង្កើតគម្រោង"មុខរបរ និងការងារសម្រាប់យុវជន" ហើយសង្ឃឹមថា យូណេស្កូនឹងបន្តជួយមកក្រសួង ក្នុងការសហការគ្នាឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងតែរៀបចំនូវផែនការយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីនេះ ដែលស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិថ្មីនេះផងដែរ។
ភាគីទាំងពីរបានសន្យាពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការលើកគោលដៅរួមរបស់អង្កការយូណេស្កូ ដែលភាគីទាំងពីរបានធ្វើការកាលពីពេលកន្លងមកជាមួយគ្នា។
សូមបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការដែល រាជរដ្ឋាភិបាលកម្ពុជាបានសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ កន្លងមក រួមមាន៖
* កិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងអង្គការយូណេស្កូ អគ្គនាយកដ្ឋាន TVET នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដំណើរការរៀបចំអនុវត្តគម្រោងសាកល្បងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមប្រព័ន្ធអ៊ិនធឺណិត (BEEP) ដោយបានចាប់ផ្តើមពីត្រីមាសទី៤ ឆ្នាំ២០១៦ ដល់ត្រីមាសទី៤ ឆ្នាំ២០១៩ ដើម្បីផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សា បានសិក្សារៀនសូត្របញ្ចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឱ្យមានជំនាញសម្រាប់ទទួលបានការងារល្អ ព្រមទាំងមានឱកាសអាចបន្តការសិក្សាតាមប្រព័ន្ធ TVET ផ្លូវការបាន។
* នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ តំណាងអគ្គនាយកដ្ឋាន TVET បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអង្គការយូណេស្កូ ដែលមានទឹកប្រាក់ចំនួន ១៨ ១៨១.៥៥ដុល្លារអាមេរិក។
* គម្រោងនេះត្រូវបានអនុវត្តដោយគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៥ (គ្រឹះស្ថានសិក្សាចំនួន៣ នៅរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សាចំនួន ២ទៀត នៅខេត្តសៀមរាប)។ កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលទៅលើ ១១មុខវិជ្ជា ដោយមាន៖ ភាសាខ្មែរ និងគណិតវិទ្យា១ ជាមូលដ្ឋានគ្រឹះសម្រាប់សិស្សក្នុងកម្មវិធី BEEP និងមុខវិជ្ជាបច្ចេកទេសមាន៖ គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា២ យេនឌ័រ និងជំនាញជាមូលដ្ឋានសម្រាប់ការងារ និងមុខវិជ្ជាទូទៅ៖ អង់គ្លេស សហគ្រិនភាព ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។
* បានថតបញ្ចប់វីដេអូមេរៀន ១០០% លើមុខវិជ្ជាដូចជា៖ ភាសាខ្មែរ គណិតវិទ្យា១ អង់គ្លេស និងយេនឌ័រ និងកំពុងដំណើរការថតមុខវិជ្ជាផ្សេងៗ។
* បានរៀបចំនិមិត្តសញ្ញា BEEP ផ្លូវការ និងបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្រាប់កម្មវិធី BEEP។
* បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាដោយប្រើប្រាស់កម្មវិធី Moodle App សម្រាប់ទូរស័ព្ទ និងថេប្លេតជាមួយអង្គការអប់រំពិភពលោក។ តាមរយៈការអនុវត្តគម្រោងនេះ គ្រឹះស្ថានទទួលបានសិស្សចុះឈ្មោះតាមអនឡាយសរុបចំនួន ៦២៦នាក់ ចុះឈ្មោះផ្ទាល់ និងកំពុងសិក្សានៅ ៣មណ្ឌលសិក្សា នៅខេត្តសៀមរាប មានចំនួន ៣៦នាក់ និងសិស្សកំពុងសិក្សានៅមណ្ឌលសិក្សាទី១ មានចំនួន ២០នាក់៕