(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានជំនួយឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់ជាង២០លានដុល្លារអាមេរិក ដើម្បីឲ្យរាជរដ្ឋាភិបាលបែងចែកទៅឲ្យអង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពរយៈពេល៥ឆ្នាំ ក្នុងកិច្ចប្រឹងប្រែងដោះស្រាយការលំបាក របស់ជនមានពិការភាព និងស្រ្តី, ក្មេងស្រីរងគ្រោះដោយអំពើហិង្សានិងការរំលោភបំពាន។
ថ្លែងក្នុងពិធីសម្ពោធកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកប ដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថា អ៊ែកសេស (ACCESS) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក វង សូត ថ្លែងឲ្យដឹងថា គម្រោងសមធម៌ដល់ជនពិការ និងប្រឆំាងអំពើហិង្សាលើក្មេងស្រីនៅកម្ពុជា គឺជាកាលានុវឌ្ឍភាពថ្មីមួយទៀត ក្នុងការបើកទំព័រជួយដល់វិស័យពិការភាព ដើម្បីធ្វើយ៉ាងណា ឲ្យជនមានពិការភាព ទទួលបានកម្រិតជីវភាពបានកាន់ តែល្អប្រសើររស់នៅដោយឯករាជ្យ មិនមែនជាបន្ទុករបស់សង្គម។
លោក វង សូត បានបន្ថែមថា កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកប ដោយនិរន្តរភាព និងសមធម៌ ហៅកាត់ថា អ៊ែកសេស (ACCESS) នឹងអាចជួយដល់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយ៉េនឌ័រ (Gender Based Violent GBV) នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ACCESS ដែលមានសេវាកម្មប្រកបដោយនិរន្តរភាពគុណភាព ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ។
លោករដ្ឋមន្ត្រី ចាត់ទុកថាកម្មវិធី ACCESS គឺជាកាលានុវឌ្ឍភាពថ្មីមួយទៀត ក្នុងការបើកទំព័រជួយដល់វិស័យពិការភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយជោគជ័យ នៃផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងទៅនេះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្មវិធី ACCESS នឹងដំណើរការបានល្អ ក្នុងការផ្តល់បច្ចេកទេស និងថវិកាដល់ដៃគូប្រកបដោយនិរន្តរភាពសម្រាប់សេវាកម្មនីមួយៗស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក។ ជាមួយគ្នានេះ ខ្ញុំមានសេចក្តីសង្ឃឹមផងដែរថា តាមរយៈការអនុវត្តអភិបាលកិច្ច និងការអនុវត្តកម្មវិធីដើម្បីឱ្យស្របតាមកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្ពុជានឹងមានការចូលរួមកាន់តែច្រើនជាងមុន ក្នុងការគិតគូរសម្រាប់វិស័យពិការភាព នៅកម្ពុជានាពេលខាងមុខនេះ។
ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងថា តាមរយៈកញ្ចប់ថវិកាទំាងនេះ នឹងធ្វើឲ្យមានភាគីពាក់ព័ន្ធ ជួយទប់ស្កាត់អំពើហិង្សា និងការកេងប្រវ័ន្តផ្លូវភេទស្រ្តីនិង ក្មេងស្រីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោកស្រី បានអះអាងថា មកដល់ពេលនេះ ចរន្តអំពើហិង្សាក្នុងគ្រួសារលើស្រ្តីនិងក្មេងស្រីមានការថយចុះយ៉ាងខ្លំាងគួរអោយកត់សម្គាល់ ប៉ុន្តែចរន្ត ការរំលោភបំពានលើស្រ្តី និងក្មេងស្រីមានការកើនឡើង ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើតយន្តការថ្មីៗដើម្បីទប់ស្កាត់បញ្ហាទំាងអស់នេះ។
ជាមួយគ្នានោះ លោកស្រី អែលជែលឡា ខរខូរ៉េន(AngelaCorcoran) ឯកអគ្គរដ្ឋទូត អូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា កញ្ចប់ថវិកា ជាង២០លានដុល្លារនេះ សម្រាប់ផ្តល់ជូនបណ្តាអង្គការនានា ដែលធ្វើសកម្មភាពជួយដល់ជនមានពិការភាពនិងស្រ្តីក្មេងស្រីដូចជា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយស្វែងរកឱកាសការងារសម្រាប់ជនពិការ ទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី និងការផ្តល់សេវាផ្នែកច្បាប់ជាដើមដើម្បីឲ្យស្រ្តីរួចផុតពីការរំលោភបំពាននានា។
សូមបញ្ជាក់ថា ចំពោះអង្គការសង្គមស៊ីវិល ដែលចង់បានមូលនិធិ ជួយដល់ជនមានពិការភាព និងក្មេងស្រី អាចស្នើគម្រោងមកកាន់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងកិច្ចនារី ដើម្បីមានលទ្ធភាពក្នុងការអនុវត្តសកម្មភាពគម្រោងរបស់ខ្លួនតទៅមុខទៀត៕