(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការកសាងផែនទីចង្អុញបង្ហាញ របស់សហគ្រាសធុនតូច និងមធ្យម អាស៊ានលើវិស័យសុខាភិបាល និងវិស័យឧស្សាហកម្មទេសចរណ៍»។ សិក្ខាសាលានេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
សិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំដោយ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្នុងនោះ មាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ជាអង្គភាពសហការអនុវត្ដន៍ផ្ទាល់ ជាមួយមូលនិធិ Kenan ASEAN នៃប្រទេសថៃ ក្រោមគម្រោងជំនួយពី Japan ASEAN Cooperation ដែលសម្របសម្រួលដោយ OSMEP និងគណៈកម្មាធិកាសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមអាស៊ាន (ACCMSME)។
លោកបណ្ឌិត ឡាំ គីមឡេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានឲ្យដឹងថា សិក្ខាសាលាថ្នាក់ជាតិនេះ ជាផ្នែកមួយរបស់គម្រោង «ការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសុខាភិបាល និងវិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SME cluster) និងការជំរុញស្ដង់ដារគុណភាពអន្ដរជាតិរបស់អាស៊ាន»។
លោកបណ្ឌិត ឡាំ គីមឡេង បានបញ្ជាក់ថា គម្រោងនេះ មានគោលដៅលើកកំពស់ការយល់ដឹង និងសមត្ថភាពរបស់សិក្ខាកាមរបស់ម្ចាស់សហគ្រាស-សិប្បកម្ម លើការផ្សារភ្ជាប់រវាងអាជីវកម្មរបស់ខ្លួន ជាមួយបណ្ដាអាជីវកម្មដទៃទៀត និងរួមបញ្ចូលដំណើរការអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់ពួកគេទៅក្នុងទីផ្សារថ្នាក់តំបន់ និងទីផ្សារសាកលលោកផងដែរ។
បន្ថែមពីនេះទៀត គម្រោងនេះ ក៏រួមចំណែកជួយដល់ការអនុវត្ដផែនការយុទ្ធសាស្ដ្រសកម្មភាពសម្រាប់អភិវឌ្ឍន័សហគ្រាសធុនតូច និងមធ្យមរបស់អាស៊ាន ឆ្នាំ២០១៦-២០២៥ ត្រង់ចំណុច C «ការជំរុញលទ្ធភាពចូលក្នុងទីផ្សារ និងអន្ដរភាវូបនីយកម្ម» និងចំណុច A «លើកកំពស់ផលិតភាពបច្ចេកវិទ្យា និងនវានុវត្ដន៍» របស់ SMEs នៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះត្រូវបានទទួលនូវការគាំទ្រពី ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ហើយលោកបានជំរុញអោយអគ្គនាយកដ្ឋានរៀបចំលិខិតបទដ្ឋានកិត្តិយុត្តិដើម្បីគ្រប់គ្រងការបង្កើតកម្រងបណ្តំសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME Cluster)អោយបានទាន់ពេលវេលា។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានផ្ដោតអាទិភាពទៅលើ៖
* ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្ដ «គោលនយោបាយគាំទ្រសហគ្រាសធុនតូច និងមធ្យម» ឲ្យមានប្រសិទ្ធភាព
* ការពង្រឹងការអនុវត្ដយន្ដការគាំទ្រ ដើម្បីជួយសម្រួលដល់ការចុះបញ្ជី
* ការផ្ដល់សេវាសម្របសម្រួល
* ការផ្សព្វផ្សាយព័ត៌មានទីផ្សារឲ្យទូលំទូលាយ ទាន់ពេលវេលា និងជំរុញខ្សែចង្វាក់តំលៃនៃផិតផល
* ការផ្សព្វផ្សាយអំពីការជំរុញសហគ្រិនភាព និងនវារ៍នុវត្តន៍ ដើម្បីឆ្លើយតបនឹងសម័យកាលនៃបដិវត្តន៍ឧស្សហាកម្មជំនាន់ទី៤ និងជំរុញ SME Go Digial
លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញលើវិស័យឧស្សាហកម្មទេសចរ ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ជាមួយនឹងពហុបំណងនៃការទស្សនាប្រទេសកម្ពុជា ហើយដែលប្រទេស ជាសមាជិកអាស៊ានមួយចំនួន បាននឹងកំពុងអនុវត្ដនូវយុទ្ធសាស្ដ្រនេះ។
ដូច្នេះ ការជំរុញការលើកកម្ពស់គុណភាពផលិតផល នៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងអនុលោមភាព លក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្ដង់ដារ ព្រមទាំងការលើកកម្ពស់នវានុវត្ដន៍ គឺជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល ដើម្បីផ្សាភ្ជាប់វិស័យ SME និងវិស័យទេសចរ ក៏ដូចជាផ្ដល់សេវាផ្នែកសុខាភិបាលជាដើម។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ឈា ឡាយហ៊ី។
លោកថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដាក់ចេញនូវគោលការណ៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសហគ្រាស ដែលអភិវឌ្ឍន៍នៅក្នុងតំបន់ប្រមូលផ្ដុំ សហគ្រាសធុនតូច និងមធ្យម (ដែលហៅថា SMEs Cluster) ដែលត្រូវបានកំណត់ជារយៈពេលខ្លី មធ្យម និងវែង អាស្រ័យនឹងផែនការសកម្មភាពគាំទ្រគ្រប់ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន ស្ថាប័នរដ្ឋ និងដៃគូរអភិវឌ្ឍន៍៕