(កំពត)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការធ្វើសមយុទ្ធនាគមាស២០១៩ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យលំហាត់នាគមាស ឆ្នាំ២០១៩ រវាងកងទ័ពកម្ពុជា-ចិន។

តាមទិដ្ឋភាពជាក់ស្តែងលំហាត់នាគមាស ឆ្នាំ២០១៩ ដែលជាការហ្វឹកហ្វឺនរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅលើទឹកដីស្រុកជុំគិរី ខេត្តកំពត។ តាមការសន្និដ្ឋាន លំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរ នឹងបញ្ចប់ដោយជោគជ័យ តាមផែនការ នៅ៤ថ្ងៃ ខាងមុខនេះ។

លំហាត់នាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី របស់ កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអះអាងថា លំហាត់ហ្វឹកហ្វឺន មិនមានការគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះគឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។

លំហាត់ហ្វឹកហ្វឺននាគមាសផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិនតែម្តង៕