(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារស្នាយពល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨ ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

លោក អ៊ុត សុភាព បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យមន្រ្តីជំនាញ បានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ១០មុខ ស្មើនឹង ១២គំរូ ដូចជា៖ គុយទាវ បាញ់កាញ់ នំបញ្ចុះ ត្រីប្រាសំយ៉ុង ត្រីប្រម៉ា តៅគួ សាច់ក្រកគោ ណែមត្រី បង្គាស្រស់ និងជ្រក់ស្ពៃ សណ្តែក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែមន្ត្រីកាំកុងត្រូលបានរកឃើញទំនិញហួសថ្ងៃកំណត់ប្រើប្រាស់២មុខ មានទឹកសៀងផ្អែម ១ដប ស្មើ០.៥ គីឡូក្រោម និងទឹកចាហ៊ួយក្រឡុក អាដេ ៧២ដប ស្មើនឹង២០.៥ គីឡូក្រោម។

សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២១គីឡូក្រាម។

ជាមួយគ្នានោះ លោក អ៊ុត សុភាព ក៏បានណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុ ដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានធ្វើការណែនាំដល់ម្ចាស់ផលិតទឹកខ្មេះទឹកត្នោត ឲ្យដាក់ស្លាកសញ្ញានៅលើសំបកវេចខ្ខប់អោយបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រប់ គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និង សេវាផងដែរ៕