(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង ៣០០លានយ៉េន (ប្រមាណ២លាន៧សែនដុល្លារអាមេរិក) ដល់គម្រោងអភិវឌ្ឍមូលដ្ឋាន សម្រាប់បង្ការគ្រោះមហន្តរាយ ដើម្បីកែលម្អបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពី លោក ហូរីណូ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ និងលោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ការជម្លៀស និងកសាងឡើងវិញសម្រាប់ប្រជាជន និងសហគមន៍ ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់យើង។ លោកបានបន្តថា ជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ នឹងអាចកាត់បន្ថយផលប៉ះពាល់នៃភាពភ័យខ្លាច សម្រាប់សហគមន៍មូលដ្ឋានក្នុងតំបន់ដែលងាយរងគ្រោះ ដោយទឹកជំនន់ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនយន្តការកាត់បន្ថយហានិភ័យ និងការកែលម្អដើម្បីអាចទទួលបានទីទួលសុវត្ថិភាព និងព័ត៌មានសង្គ្រោះជីវិតជាដើម។

ជាមួយគ្នានេះដែរ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំទី៤០ ដែលប្រជាជនកម្ពុជា បានទទួលការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក ដោយចាប់តាំងពីឆ្នាំ១៩៧៩មក។ លោកស្រីបន្តថា កម្មវិធីស្បៀងអាហារពិភពលោក បានធ្វើការដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់គ្រួសារ និងសហគមន៍ ដែលងាយរងគ្រោះបំផុត តាមរយៈការជួយ ដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេ និងការពារពួកគេពីផលប៉ះពាល់ដែលបណ្តាល មកពីគ្រោះមហន្តរាយធម្មជាតិនានា។

លោកស្រីបានបន្តទៀតថា រដ្ឋាភិបាលជប៉ុនគឺជាដៃគូគាំទ្រដ៏ល្អ និងជាអ្នកគាំទ្រសកម្មភាពការងាររបស់ កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ឆ្នាំខាងមុខនេះ ហើយថាលោកស្រីពិតជាមានមោទនភាព ដែលថ្ងៃនេះ បាននៅទីនេះជាមួយគ្នា ដើម្បីបញ្ជាក់ពីការប្តេជ្ញារួមគ្នា ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា។

ចំណែក លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានថ្លែងចំណាប់អារម្មណ៍ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា និងបានហៅទំនាក់ទំនងកម្ពុជា-ជប៉ុនថា ជាទំនាក់ទំនងដែកថែប។ ជាមួយគ្នានេះ លោកបានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារគ្រោះមហន្តរាយផងដែរ៕