(ភ្នំពេញ)៖ មូលនិធិហោ ណាំហុង-បូរី ហោ ដែលមានឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ជាប្រធាន បានថ្លែងអំណរគុណដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លាចូលរួមជាមួយមូលនិធិ ដើម្បីសង្គ្រោះកុមារពិការរាប់រយនាក់ ក្នុងន័យជួយសម្រាលទុក្ខវេទនារបស់កុមារពិការ ដែលគួរឲ្យអាណិតអាសូរយ៉ាងពន់ពេក។

លិខិតថ្លែងអំណរគុណដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ មូលនិធិហោ ណាំហុង-បូរី ហោ បង្ហាញជំនឿថា ការចូលរួមចំណែករបស់សប្បុរសជន នឹងផ្ដល់ឱកាសឲ្យមូលនិធិ បន្ដជួយកុមារពិការរាប់រយនាក់ នៅកន្លែងផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕