(តាកែវ)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានអញ្ជើញជាគណៈអធិបតីជាមួយលោកស្រី តាវ អ៊ីតាវ អនុប្រធានសម្រាប់ទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ (SFIEC) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងពន្លឺចក្ខុតាមដងទន្លេមេគង្គ-ឡានឆាង និងពិធីចុះហត្ថលេខាលើគម្រោងពន្លឺព្រះអាទិត្យដំណាក់កាលទី២ និងការផ្តល់ជំនួយជាសម្ភារៈអេឡិចត្រូនិក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅសាលាស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមគណៈប្រតិភូនៃមូលនិធិ SFIEC គណៈប្រតិភូធុរកិច្ចចិន លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ រួមទាំងសមាជិកក្រុមប្រឹក្សាស្រុកបាទី មន្រ្តីមកពីសាលាខេត្តតាកែវនិងសាលាស្រុកបាទី ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកបាទី សរុបប្រមាណជិត ៥០០នាក់។

នៅក្នុងឱកាសនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជននៅខេត្តតាកែវ ជាពិសេសប្រជាជនស្រុកបាទី។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និងមូលនិធិ SFIEC ជាពិសេសមូលនិធិមូលនិធិអ៊ីប៉ាងលីងសមាគមអតីតនិស្សិតសាកលវិទ្យាល័យស៊ិនជិន និងក្រុមហ៊ុន D.Light ដែលបានពាំនាំនូវជំនួយដ៏ថ្លៃថ្លា រួមមានការព្យាបាលភ្នែកដោយឥតគិតថ្លៃ កុំព្យូទ័រយួរដៃមួយទឹកចំនួន ១០០គ្រឿង និងអំពូលដើរដោយពន្លឺព្រះអាទិត្យចំនួន ១៥០គ្រឿង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ កាយវិការសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជនចិន បញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការតភា្ជប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ស្របតាមយុទ្ធសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាងនេះទៀត លោកក៏បានថ្លែងអំណរគុណចំពោះស្ថានទូតចិននៅកម្ពុជា ដែលតែងតែជួយផ្តល់ការសម្របសម្រួលដល់ការងាររបស់ វ.ស.ស. និងដៃគូសហប្រតិបត្តិការចិន ក្នុងការកៀរគរស្វែងរកជំនួយឧបត្ថម្ភសម្រាប់ការអនុវត្តគម្រោងនានានៅកម្ពុជា។

ដោយមានការសម្របសម្រួលពី វ.ស.ស. សម្រាប់គម្រោងពន្លឺចក្ខុតាមដងទន្លេមេគង្គ-ឡានឆាង​ អង្គការការីតាស់ ដែលជាអ្នកទទួលអនុវត្តគម្រោង​ នឹងចុះពិនិត្យសុខភាពភ្នែករបស់ប្រជាជនចំនួន១៧លើក នៅទូទាំងខេត្តតាកែវ ដោយនឹងមានការផ្តល់ជូនវ៉ែនតាចំនួន២៥០០ ដល់ប្រជាជនផងដែរ។ ចំពោះប្រជាជនដែលពិនិត្យឃើញថាមានជំងឺភ្នែកធ្ងន់ធ្ងរ ចំនួន ១៥០នាក់ នឹងត្រូវបញ្ជូនទៅវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ ក្រោមជំនួយរបស់មូលនិធិអ៊ីប៉ាងលីង។ ជាមួយ​គ្នា​នេះ​ មូលនិធិ​ SFIEC ក៏បន្តគាំទ្រចំពោះគម្រោងពន្លឺព្រះអាទិត្យដំណាក់កាលទី២​ ផងដែរ​ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង វ.ស.ស. និង​ មូលនិធិ​ SFIEC កាលពីព្រឹកមិញនេះ៕