(ភ្នំពេញ)៖ ជាថ្មីម្តងទៀត! សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសជំហរប្ដូរផ្ដាច់រក្សាសន្ដិភាពនេះ ប្រសិនបើមានបុគ្គលណាមួយបង្កភាពវឹកវរ និងបង្កើតឲ្យមានភាពចលាចល ដែលធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមម្ដងទៀត ខណៈដែលប្រទេសកម្ពុជា បានឆ្លងកាត់សង្គា្រមបានបំផ្លាញប្រទេស ដែលធ្វើឲ្យជាពលរដ្ឋ វិនាសបែកបាក់ឪពុកម្ដាយ បងប្អូន និងខាតបង់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងនាពេលអតីតកាល។

ប្រកាសជំហរបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅឱកាសដែលសម្តេច បានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងវិស្វកម្ម លេខ៩៦៣ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋលីបង់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីការពារជាកម្ពុជារូបនេះ បានថ្លែយ៉ាងដូច្នេះ «អ្នកណាក៏ដោយដើរបង្កភាពវឹកវរ ឬបង្កើតនូវភាពចលាចនាំឱ្យកម្ពុជា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមទៀត គឺថាត្រូវតែប្តូរផ្តាច់មិនអនុញ្ញាតជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ទោះអ្នកឯងថាម៉េច ក៏ថាចុះ»

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានអំពាវនាវដល់បណ្តាប្រទេសមួយចំនួន សូមមើលកម្ពុជា ក្នុងផ្លូវល្អខ្លះផង កុំឱ្យចោទកម្ពុជាថា បានសម្លាប់លទ្ធិប្រជាធិបតេយ្យ ដូចអ្វីដែលក្រុមប្រឆាំងបាននាំគ្នាដើររិះគន់ឱ្យសោះ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំបានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព សេរីភាពពេលេញជូនពលរដ្ឋកម្ពុជា ក៏ក្រុមប្រឆាំងមួយក្តាបនៅតែរកវិធីវាយប្រហារទាំងទទឹងទិសផងដែរ។

ទន្ទឹននឹងនេះដែរ សម្តេចពិជ័យសេនា ក៏បានបន្ថែមទៀតថា ដោយសារតែសុខសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបកម្ពុជា មានលទ្ធភាពអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកសន្ដិភាព និងការអភិវឌ្ឍ គឺជាគោលនយោបាយយ៉ាងសំខាន់ ដើម្បីដឹកនាំប្រទេស ឱ្យមានភាពរីកចំរើនជានិច្ច។ ម្យ៉ាងវិញទៀត មិនត្រូវតែរក្សាសន្ដិភាពនៅក្នុងប្រទេសនោះទេ គឺបានចូលរួមរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាតិ ដើម្បីរក្សាសន្ដិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕