(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសតាមរយៈការបោះឆ្នោត ៦អាណត្តិមកនេះ មិនមានការដណ្តើមគ្នា ដើម្បីធ្វើមេបក្សនោះទេ ផ្ទុយទៅវិញ អតីតគណបក្សសង្រ្គោះជាតិទេ ដែលមានការធ្វើបក្សប្រហារដណ្តើមគ្នាគ្រប់គ្រង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៉ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ នាវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។
ក្នុងន័យប្រដៅក្រុមអតីតគណបក្សប្រឆាំង សម្តេចបានថ្លែងដោយមិនបញ្ចេញឈ្មោះថា សូមកុំព្យាយាមមូលបង្កាច់បំបែបគណបក្សប្រជាជនឲ្យសោះ ព្រោះគណបក្សនេះត្រូវការសម្តេចដឹកនាំ ហើយសមាជិកគណបក្សប្រជាជនកម្ពុជា ក៏រឹតតែមិនអាចធ្វើតាមពាក្យញុះញ៉ង់ទាំងនោះបានដែរ។ សម្តេចបានបញ្ជាក់ថា បើគណបក្សណាមួយបែកបាក់សាមគ្គីគ្នា មេគណបក្សនោះត្រូវទទួលខុសត្រូវមុនគេ ហើយបើគណបក្សប្រជាជនកម្ពុជាបែកបាក់ សម្តេចគឺជាអ្នកទទួលខុសត្រូវមុនគេដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចជាកាលកន្លងទៅការអំពាវនាវឲ្យក្នុងគណបក្សផ្តួល ហ៊ុន សែន ជំនួសគេ (អតីតបក្សប្រឆាំង) ហើយទៅរួមជាមួយគេទៅវិញ។ សុំទោសប្រហែលជាគណបក្សប្រជាជនធ្វើមិនបានទេ ព្រោះគេត្រូវការតួនាទីរបស់ ហ៊ុន សែន ដើម្បីបន្តដឹកនាំបក្សនេះ សូមកុំភាន់ច្រឡំ មានតែពួកអ្នកទេ (អតីបក្សប្រឆាំង) ដែលដណ្តើមគ្នាធ្វើរហូតដល់មានបក្សប្រហារ ប៉ុន្តែរឿងគណបក្សប្រជាជន មិនដូច្នោះទេ គេមិនដណ្តើមគ្នាធ្វើប្រធានបក្ស ឬមេដឹកនាំបក្សនោះទេ»។
សម្តេចបន្តថា «ខ្ញុំមិនចង់និយាយពីបញ្ហារបស់គណបក្សប្រជាជនោះទេ ក៏ប៉ុន្តែខ្ញុំចង់ប្រដៅពួកគេវិញតែប៉ុណ្ណោះទេ... តម្លៃដែលអ្នកនិយាយថា គេបំបែកបំបាក់ ហ៊ុន សែន ស្មើនឹងការបន្តុះបង្អាប់ខ្លួនឯង អ្នកមិនសាកសមធ្វើជាមេដឹកនាំប្រទេសទេ ព្រោះដឹកនាំតែកូនបក្សមួយធ្វើមិនបានផង ធ្វើឲ្យបែកបាក់។ ត្រូវដឹងថា ប្រសិនបើបាក់បែកបាក់ អ្នកដែលទទួលខុសត្រូវគឺប្រធានបក្ស បើសិនជាគណបក្សប្រជាជនបែកបាក់ គឺ ហ៊ុន សែន ទទួលខុសត្រូវមុនគេ»។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែមានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៦នេះ។ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ទៀតសោត គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ដែលនេះជាជ័យជម្នះដ៏ត្រចេះត្រចង់ កើតឡើងពីការរួមរួមគ្នានៅក្នុងបក្ស និងការស្រឡាញ់ពេញចិត្តពីប្រជាជនកម្ពុជាទាំងមូលផងដែរ។
ដើម្បីរម្លឹកអតីតក្រុមគណបក្សប្រឆាំង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនឮតែព័ត៌មានបែកបាក់គ្នា ៤០ឆ្នាំមកហើយ តែគណបក្សប្រជាជនមិនមានការបែកបាក់នោះឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សូម្បីតែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ទទួលបានព័ត៌មានខុសដែរថា គណបក្សប្រជាជនកម្ពុជាបែកបាក់ហើយ, ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា មូលហេតុដែលទទួលព័ត៌មានខុសនេះហើយ បានព្រះអង្គចាញ់រហូត និងអស់រលីងតែម្តង៕