(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារជ្រៃស្រុកថ្មគោល ព្រមទាំងដកហូតបានទំនិញខូចគុណភាព១៣គីឡូក្រាម យកមករក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយមានការណែនាំពីអគ្គនាយកកាំកុងត្រូលជាប្រចាំ សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងតែបានចុះត្រួតពិនិត្យនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។
លោកប្រធានបាបន្តថា មន្រ្តីសាខាទាំងអស់ តែងតែអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយ:បិទស្ទិកឃើ នៅនឹងកន្លែងលក់តាមទីផ្សារ និងតាមប្រព័ន្ធផ្សាយផ្សេងទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់នាំគ្នាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ៕