(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ជាថ្មីថា ដើម្បីឲ្យប្រទេសកម្ពុជា មានឯករាជ្យទាំងនយោបាយ និងសេដ្ឋកិច្ចនោះ គឺមានតែការខិតខំរបស់កម្ពុជាខ្លួនឯង ដោយមិនត្រូវពឹងផ្អែកតែបរទេសឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១៥៧៨នាក់ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តនិយាយថា ការប្រឹងប្រែងផ្ទាល់របស់យើង ទើបយើងក្លាយជាប្រទេសដែលឯករាជ្យពិតប្រាដក ទាំងនយោបាយ និងសេដ្ឋកិច្ច ហើយក៏មិនទទួលនូវសម្ពោធណាមួយ ដែលទទួលខ្យល់អុកស៊ីហ្សែន គ្រាន់តែគេដកខ្យល់អុកស៊ីហ្សែនយើងដួលរលំនោះទេ ដូច្នេះកំណែទម្រង់ទាំងឡាយគប្បីត្រូវបានធ្វើ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាខាងក្នុងជាកត្តាសត្យានុម័តក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយសមិទ្ធផលដែលកម្ពុជាទទួលបាន គឺកើតចេញពីការប្រឹងប្រែងរបស់ជាតិកម្ពុជាទាំងមូល មិនមែនពឹងតែលើការជួយពីបរទេសនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បរទេសត្រឹមតែមកជួយផ្តល់មតិ ឬអាចជួយនេះជួយនោះ ក៏ប៉ុន្តែបើយើងខ្វះការខិតខំខ្លួនឯង សួរថាតើយើងអាចនឹងឈានឡើងរួចទេ យើងមើលស្ថានភាពអស់ទាំងនេះ ដើម្បីយើងព្យាករណ៍អនាគត។ តើយើងត្រូវខំខ្លួនឯងយ៉ាងម៉េច គ្មានប្រទេសណាមួយ ដែលអាចផ្តល់ជំនួយ ទំនុបបំរុងយើង ឲ្យស៊ីស្រាប់ដោយមិនព្រមធ្វើការនោះទេ ដូច្នេះត្រូវយល់ឲ្យបានថា កត្តាខាងក្នុងនិងកត្តាខាងក្រៅ គឺកត្តាខាងក្នុងមានចរិតកំណត់ ជោគជ័យឬមិនជោគជ័យសម្រេចលើកត្តាខាងក្នុង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទកភាពនៅប្រទេសកម្ពុជា ដែលខិតខំប្រឹងប្រែងងើបឈរឡើង រើបំរាស់ចេញពីសង្គ្រាម ចេញពីរបបប្រល័យពូជសាសន៍ និងទប់ស្កាត់របបប្រល័យពូជសាសន៍មិនឲ្យវិលត្រឡប់ ខិតខំរួមគ្នាបង្កើតនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាពិសេសកម្ពុជា ឈានដល់ការសម្រេចកំណើនសេដ្ឋកិច្ចជាង៧ភាគរយ រយៈពេល២ទស្សវត្សជាប់គ្នាថែមទៀត។
ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងវិនិយោគវិញ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងសម្រួលដល់ការធ្វើពាណិជ្ជកម្មនោះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។
កំណែទម្រង់នេះនឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស។
សូមជម្រាបថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល និងមិនចាំបាច់តម្រូវឲ្យ ស្កែន (Scan) ទំនិញនាំចូល។ ប៉ុន្តែក្នុងករណីដែលសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើឲ្យបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំឲ្យខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណា ដែលគេតម្រូវឲ្យស្កែនតែប៉ុណ្ណោះ៕