(ស្វាយរៀង)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង មាន៥បន្ទប់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា «តាជៃ» ក្នុងភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រុំ បានឲ្យដឹងថា សាលាបឋមសិក្សា «តាជៃ» បានកសាងឡើងក្នុងឆ្នាំ១៩៥៤ ដោយដោយផ្លាស់ប្ដូរ ពីសាលាឃុំកំពង់ចម្លង មកដាក់នៅទីវត្តតាជៃ នៅក្នុងឆ្នាំ១៩៥៦។ សាលាបឋមសិក្សា «តាជៃ» បច្ចុប្បន្នមានអគារសិក្សា៥ខ្នង ស្មើ២០បន្ទប់ មានបុគ្គលិកសរុប២១នាក់ និងសិស្សសរុប៤៣៤នាក់។
ដោយឡែក សម្រាប់អគារសិក្សា១ខ្នង សម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មាន៥បន្ទប់ បំពាក់ដោយតុសម្រាប់ឲ្យសិស្សអង្គុយរៀន ក្ដារខៀន តុសម្រាប់គ្រូ ដែលជាចំណងដៃរបស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន និងក្រុមគ្រួសារ សម្រាប់កូនក្មួយនៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសិក្សារៀនសូត្រ និងជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងរួចមក លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានកសាងអគារសិក្សាជាច្រើនខ្នង នៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
ទាក់ទិនទៅនិងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ លោកបណ្ឌិតរដ្ឋមន្រ្ដី បានលើកឡើងអំពីសារសំខាន់នៃសុខសន្តិភាព បើកម្ពុជា គ្មានសុខសន្តិភាពស្ថិរភាពនយោបាយទេនោះ ក៏គ្មានឱក្នុងកាសអភិវឌ្ឍប្រទេសជាតិនោះដែរ។ លោកថា សុខសន្តិភាពនេះ គឺបានមកពីការតស៊ូលះបង់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំកំពូល មានសម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានលើកឡើងពីអនុស្សាវរីយ៍របស់ លោកទាក់ទិនទៅនិងសាលាបឋមសិក្សា «តាជៃ» នេះ ដែលធ្លាប់បានធ្វើជាគ្រូបង្រៀន និងជាអតីតគ្រូបង្រៀនថ្នាក់ទី៧ចាស់ នៅទីនេះអស់រយៈពេល៥០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦៩មក។ លោករដ្ឋមន្ដ្រី ក៏បានចែកវត្ថុអនុស្សាវរីយ៍ និងថវិកា ដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ឆ្លើយតបទៅនិងសំណូមពររបស់ លោកនាយកវិទ្យាល័យ «តាជៃ» លោកបណ្ឌិត អ៊ុក រ៉ាប៊ុន និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យអាគារសិក្សា១ខ្នង មានសភាពទ្រុឌទ្រោម មិនអាចឲ្យសិស្សចូលរៀនបាន។ ក្នុងនោះ លោកបានឯកភាព ជាមួយលោកអភិបាលខេត្តស្វាយរៀង ថានឹងវាយអាគារចាស់នេះចោល និងសាងសង់អាគារថ្មីជំនួសវិញ ព្រមទាំងបានអញ្ជើញពិនិត្យផ្លូវ និងអណ្ដូងទឹកស្អាតមួយចំនួនផងដែរ៕