(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរបស់យើង នៅតែបន្តដំណើរការល្អ ក្នុងការចូលរួមចំណែកកសាង ពង្រឹងកងយោធពលខេមរភូមិន្ទ ក៏ដូចជា ខឿនការពារជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការលើកឡើងរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រីបានអញ្ជើញ ជាអធិបតីភាពពិធីបើកសិក្ខាសាលាថ្នាក់ជាតិ បូកសរុបការងារសម្ព័ន្ធមេត្រី នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល រយៈពេល៣ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ប្រព្រឹត្តឡើងនៅវិមានសន្តិភាព ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អង្គភាពចំណុះក្រសងួងការពារជាតិ ថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៊ីវិល និងសប្បុរសជននានា ចំនួន៥០០នាក់ ផងដែរ។
លោកស្រីឧបានាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ថ្វីត្បិតតែប្រទេសជាតិយើងពុំមានភាពតានតឹងនៅតាមតំបន់បន្ទាត់ព្រំដែនដូចកាលពីឆ្នាំ២០០៨ កន្លងមក ប៉ុន្តែការងារសម្ព័ន្ធមេត្រីភាពរបស់យើងនៅតែបន្តដំណើរការល្អ ក្នុងការចូលរួមចំណែកកសាង ពង្រឹងកងយោធពលខេមរភូមិន្ទ ក៏ដូចជាខឿនការពារជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត»។
ជាមួយគ្នានេះដែរលោកស្រី ម៉ែន សំអន បានបន្តថា យើងបានប្រើប្រាស់ជំនួយឧបត្ថម្ភនានា សម្រាប់បម្រើឱ្យប្រតិបត្តិការក្នុងបេសកកម្មការពារជាតិ ហើយមួយផ្នែកក៏បានជួយដល់ប្រជាពលរដ្ឋ ពេលមានគ្រោះអាសន្ន មហន្តរាយនានា ក៏ដូចជាកម្មវិធីផ្សេងៗរបស់កងទ័ព។ តួយ៉ាងការងារសម្ព័ន្ធមេត្រីភាពនេះ ជានិច្ចកាលត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យស្ថិតនៅជាប្រពៃណីផូរផង់ ជាពិសេសនៅក្នុងដំណាក់កាលថ្មីនេះ កងយោធពលខេមរភូមិន្ទ បានខិតខំកសាងពង្រឹងថែមទៀតនូវខឿនការពារជាតិរបស់ប្រជាជន និងត្រៀមខ្លួនដើម្បីការពារអធិបតេយ្យភាពជាតិ ថែរក្សាការពាររឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយចូលរួមចំណែកការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បម្រើឱ្យភូមិ-ឃុំ មានសុវត្ថិភាព។
ទន្ទឹមនឹងនេះដែរលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព បានឱ្យដឹងដែរថា គោលដំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រយៈពេល៣ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តដល់ដៃគូរសម្ព័ន្ធមេត្រីភាព ឱ្យធ្វើសកម្មភាពបន្ត និងពង្រឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានសកម្មភាពបន្ថែមទៀត។
លោកស្រី បានបន្តថា ជាពិសេសតម្រង់ទិសឱ្យមានគុណប្រយោជន៍ ជាយុទ្ធាសាស្ត្រយូរអង្វែង កៀងគរ ទាក់ទាញឱ្យបានច្រើនបន្ថែមទៀត នូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ទៅរស់នៅ ក្នុងសង្គមស៊ីវិលផងដែរ។
លោកស្រី ដាំ ដារីនី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការងារសម្ព័ន្ធមេត្រីភាព បានវិវត្តន៍រីកមច្រើនជាលំដាប់ ហើយមកដល់ពេលនេះមានស្ថាប័ន អង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុប៣៣៤នាក់ បានចងសម្ព័ន្ធមេត្រីភាពជាមួយ៩២ កងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ក្នុងបរិយាកាសសាមគ្គី ភាតរភាព អនុវត្តន៍ សិល្បៈនៃការចែករំលែកប្រកបដោយផ្លែផ្កាជាគួរទីមោទនៈ៕