(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួម «សង្ក្រានថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីលើកតម្កើងទីតាំងទេសចរណ៍ដ៏សំខាន់ មួយនេះកាន់តែរីកសាយភាយឡើង។ ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលរួមទាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងនៅតាមរមណីយដ្ឋានផ្សេងៗ សូមមេត្តារក្សានូវបរិស្ថាន ជាពិសេសកាកសំណល់ដែលបានហូបរួច ហើយត្រូវទុកដាក់ឲ្យបានល្អនៅក្នុងធុងសម្រាម និងធ្វើឲ្យមានអនាម័យបានល្អប្រសើរ គ្មានអ្នកណាអាចជួយយើងបានក្រៅ ពីខ្លួនយើងនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅរម្យណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជន មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់។
លោកក៏បានបន្តទៀតថា សុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវសុខសន្តិភាព ដែលរកបានដោយកម្រក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងអំពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាលក់ដូរឲ្យមានតម្លៃសមរម្យ ដើម្បីឲ្យបងប្អូនមានការទទួលទានហើយចង់មកកម្សាន្ត ហើយចង់មកកំសត់ទៀត។
ចុងក្រោយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងបើកបរដោយប្រុងប្រយ័ត្នដោយគោរពសិទ្ធិគ្នាទៅវិញ ទៅមកចៀសវាងការគ្រោះថ្នាក់ ដោយប្រការណាមួយ។
គួរបញ្ជាក់ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណៈជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយ
រីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង តាំងពីសម័យចេនឡា ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង់ និងបន្តពង្រីកនូវកិត្យានុភាព នៅលើឆាកអន្តរជាតិដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណពិភពលោកកាលពីឆ្នាំ ២០១៧កន្លងទៅ៕