(រតនគិរី)៖ លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រាប់ភ្នាក់ Fresh News ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ បានប្រគល់ឈើឲ្យមន្ត្រីឧទ្យានអូរយ៉ាដាវមានប្រភេទដូចជា៖ ប្រភេទឈើស្រឡៅចំនួន៩០ដុំស្មើនឹង១៦.៤៤៩ម៉ែត្រគូប, ប្រភេទឈើសុក្រំចំនួន៧ដុំស្មើនឹង០.៦១៦ម៉ែត្រគូប និងឈើខ្វាវចំនួន៤ដុំស្មើនឹង០.៥៥០ម៉ែត្រគូប (សរុប១០១ដុំ ស្មើនឹង១៧.៥៦៤ម៉ែត្រគូប)។
លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់បន្តថា ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចភូមិដរ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដែលក្រុមឈ្មួញដឹកមកគរលាក់ទុកក្នុងព្រៃ ដោយប្រមូលវត្ថុតាងឈើល្មើសខាងលើទុកមួយកន្លែង រួចកម្លាំងចម្រុស្រុកអូរយ៉ាដាវ ស្រាវជ្រាវរុករកកន្លែងផ្សេងទៀត។
លុះរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ ប្រគល់វត្ថុតាងឈើល្មើសច្បាប់ខាងលើ ប្រគល់ឲ្យមន្ត្រីឧទ្យានអូរយ៉ាដាវ ដើម្បីចាត់ចែងបន្តតាមច្បាប់។
ទាក់ទិនទៅនឹងការបង្ក្រាបបទល្មើសឈើល្មើសច្បាប់កន្លងមកនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចអនុវត្តច្បាប់មួយចំនួន មិនដែលចាប់ថៅកែឈើមកកសាងសំណុំរឿងបញ្ជូនទៅតុលារទេ ជួនកាលមធ្យោបាយដឹកបទល្មើសរថយន្តទំនើបៗ សមត្ថកិច្ចចាប់បញ្ជូនទៅរដ្ឋបាលព្រៃឈើ ប៉ុន្តែមិនបានមួយសប្តាហ៍ស្រួលបួលផងស្រាប់ឃើញធ្វើចរាចរណ៍លើផ្លូវជាតិដដែល។
កត្តាទាំងអស់ខាងលើនេះ ទើបឈ្មួញឈើមិនខ្លាចច្បាប់ព្រោះរបរពួកគេ ជាឆ្នាំងបាយរបស់មេព្រៃនិងសមត្ថកិច្ចខិលខូចមួយចំនួនផងដែរ៕