(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា អ្នកដែលប្រើពាក្យថា សម្ដេចជាអ្នកបំបែកបំបាក់ពួកគេនោះ គឺជាការបន្ទាបបន្ថោកតម្លៃខ្លួនឯងទៅវិញទេ ហើយបើខ្លួនជាមេដឹកនាំបក្សដែលខ្លាំងពិតប្រាដកនោះ មិនមែនអាចឲ្យគេបំបែកបំបាក់បានដោយងាយៗនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការបែកបាក់របស់ក្រុមអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះតែការមិនជឿទុកចិត្តគ្នា មិនមែនមកពី ការបំបែកបំបាក់របស់សម្តេចនោះឡើយ។ ឆ្លើយតបការលើកឡើងថា សម្តេចជាអ្នកបំបែកក្រុមអតីតបក្សប្រឆាំងនោះ សម្តេចតេជោ ហ៊ុន សែន បានតបទៅវិញថា ក្នុងនាមជាមេដឹកនាំមួយ បែរជាឲ្យអ្នកដទៃបំបែកបានមានន័យថា មេដឹកនាំនោះអន់បំផុត។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន៦៤០នាក់ ដែលពិធីនេះធ្វើនៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើអ្នកនៅតែនិយាយពាក្យបំបែក អ្នកគឺជាមនុស្សអន់បំផុតមិនអាចដឹកនាំអីកើតទេ [...] អ្នកប្រើពាក្យថា ហ៊ុន សែន បំបែកបំបាក់ អ្នកនិយាយបែបនេះ គឺស្នើនឹងអ្នកបង្អាប់ខ្លួនឯងទេ មិនមែនបង្អាប់ ហ៊ុន សែន ទេ។ អ្នកត្រូវដឹងបក្សនយោបាយមួយ អ្នកមិនអាចគ្រប់គ្រងបានផង ធ្វើឲ្យបក្សបែកបាក់ មានពួកក្នុងបក្ស មានក្រុមក្នុងបក្ស អ្នកមិនអាចធ្វើការសម្របសម្រួលបានផង តើអ្នកទៅដឹកនាំរាជរដ្ឋាភិបាលយ៉ាងមិច?»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ចរិករបស់មេដឹកនាំអតីតបក្សប្រឆាំង នៅពេលជួបអ្នកនេះ និយាយដើមអ្នកនោះ ហើយនៅពេលជួបអ្នកនោះ និយាយដើមអ្នកនេះ និងមិនទុកចិត្តកូនចៅរបស់ខ្លួន មិនទុកចិត្តសហការីរបស់ខ្លួន ទើបបណ្ដាលឲ្យមានការបែកបាក់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានផ្ដាំទៅថ្នាក់ដឹកនាំគណបក្ស ដែលត្រូវរំលាយដោយតុលាការកំពូល កុំព្យាយាមលាបពណ៌កូនចៅខ្លួនឯង ដែលបាន ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ព្រោះនេះជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ហើយក៏ជាសេរីភាពរបស់ពួកគេដែរ។ សម្ដេចបានសង្កត់ធ្ងន់ថា ខ្លួនមិនទាន់បានកាន់អំណាចផង បែរជាហ៊ានឃុំគ្រងអ្នកដទៃដែលធ្លាប់ជាសហការីរបស់ខ្លួនទៅវិញ៕