(ភ្នំពេញ)៖ លោក វ៉ឹង កាង (Weng Gang) អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន បានអះអាងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងសាងសង់ធំជាងគេក្នុងចំណោមគម្រោងធំៗដែលខ្លួនបានសាងសង់កន្លងមកនៅក្នុងប្រទេសចំនួន១៥៥។

លោក វ៉ឹង កាង បានអះអាងបែបនេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក វ៉ឹង កាង បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រ និងផ្តល់ឱកាសដល់ក្រុមហ៊ុនរបស់លោក បានចូលរួមចំណែកកសាងស្ពានថ្នល់នៅកម្ពុជា ដែលមានប្រវែងជាង ១ពាន់គីឡូម៉ែត្ររួចមកហើយ។

លោក កាង ក៏បានបង្ហាញជំនឿចិត្តរបស់ខ្លួនផងដែរថា តាមរយៈគម្រោងសាងសង់ថ្នល់ ស្ពាននាពេលកន្លងមក ក៏ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ នឹងធ្វើជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបោះពួយទៅមុខកាន់តែលឿនថែមទៀត ហើយនឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ។

«ការដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផង និងធ្វើឲ្យជីវភាពប្រជាជនកម្ពុជា រស់នៅកាន់តែល្អប្រសើរផង»។ នេះជាការបញ្ជាក់របស់លោក កាង។

សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន នៅកម្ពុជា បានប្រវែងជាង ១ពាន់គីឡូម៉ែត្រហើយ។ ថ្ងៃស្អែកនឹងបន្តពង្រីកការសាងសង់ជាបន្ថែមទៀត គឺការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ។

សម្តេចតេជោ បានជម្រាបជូនលោកកាងថា អ្វីដែលសម្ដេចចង់បាននោះ គឺផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាការចាំបាច់របស់ប្រជាជនកម្ពុជា៕