(ភ្នំពេញ)៖ ទីបំផុត! ទៅជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធបទល្មើសហិង្សានៅខណ្ឌសែនសុខ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើយោងតាមមន្ត្រីតុលាការ លួចបង្ហើបឲ្យអង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។

ជនសង្ស័យដែលមានមុខរបររត់ម៉ូតូកង់៣ឥណ្ឌា រួមមាន៖ទី១ឈ្មោះ ឈួន ហួត អាយុ២៧ឆ្នាំ, ទី២ឈ្មោះ ឈួន ឡែន អាយុ២០ឆ្នាំ និងទី៣ឈ្មោះ វន សារិទ្ធ អាយុ៣០ឆ្នាំ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងឲ្យត្រលប់ទៅវិញ កាលពីវេលាកណ្តាលថ្ងៃត្រង់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។

ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារព័ត៌មាន Fresh News នៅពុំទាន់អាចសុំការបញ្ជាក់ពីមូលហេតុដែលលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងក្រុមជនសង្ស័យបានទៅឡើយទេ ខណៈលោកព្រះរាជអាជ្ញារង លី សុផាណា និងជាអ្នកនាំពាក្យអយ្យការ មិនទាន់ឆ្លើយសំណួរបស់អ្នកសារព័ត៌មាននៅឡើយ។

សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស បង្កហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានការរងរបួស នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕