(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការ បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុនផ្ដល់សេវា សន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ដែលបានចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល ពីមន្ដ្រីនគរបាលជំនាញ និងតែងតែផ្ដល់កិច្ចសហការល្អជាមួយសមត្ថកិច្ចផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៣ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់លើការងារសន្ដិសុខឯកជន ដែលការងារនេះមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងសង្គមជាតិ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្ដិសុខ ឯកជន បានចូលរួមយ៉ាងសកម្មក្នុងការពារតំបន់សេដ្ឋកិច្ចពិសេស ធនាគារ កន្លែងប្ដូរប្រាក់ ទីតាំងវត្ថុមានតម្លៃមាស-ពេជ្រ ផ្សារទំនើប ផ្សារសាធារណៈ សណ្ឋាគារទំនើបៗ ភោជនីដ្ឋានរម្មណីដ្ឋាន ផ្ទះសំណាក់ បុរី រោងចក្រ ក្លឹបកម្សាន្ដ និងទីកន្លែងកម្សាន្ដនានា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
ជាក់ស្ដែង ក្នុងពិធីបុណ្យទន្លេកន្លងទៅ ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ក៏មានភ្នាក់ងារសន្ដិសុខឯកជន ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈសង្គម ជាមួយនឹងសមត្ថកិច្ចជាច្រើនស្ថាប័នទៀតផងដែរ។ តាងនាមអគ្គស្នងការនគរបាលជាតិ លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានបញ្ជូនភ្នាក់ងាររបស់ខ្លួន ចូលរួមជាមួយសមត្ថកិច្ចយ៉ាងសស្រាក់សស្រាំលើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត៕