(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ បូកសរុបការងារសម្ព័ន្ធមេត្រី នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល រយៈពេល៣ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។
ពិធីនេះ ប្រព្រឹត្តឡើងនៅវិមានសន្តិភាព ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អង្គភាពចំណុះក្រសងួងការពារជាតិ ថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៊ីវិល និងសប្បុរសជននានា ចំនួន៥០០នាក់ ផងដែរ។
ការងារសម្ព័ន្ធមេត្រី នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ របស់កម្ពុជាឱ្យបានកាន់តែរឹងមាំ។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ មាន៦ចំណុចរួមមាន៖
ទី១៖ ពិនិត្យឡើងវិញនូវលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រយៈពេល៣ឆ្នាំកន្លងទៅ
ទី២៖ ដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឱ្យធ្វើសកម្មភាពបន្ត និងពង្រឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានសកម្មភាពបន្ថែមទៀត
ទី៣៖ ពង្រឹង និងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រងទិសដៅឱ្យមានគុណប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែង
ទី៤៖ កៀរគរ ទាក់ទាញឱ្យបានច្រើនបន្ថែមទៀតនូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាពក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៍ ទៅរស់នៅក្នុងសង្គមស៊ីវិល
ទី៥៖ តាមរយៈសិក្ខាសាលានេះ ដើម្បីទាក់ទាញស្វែងរកដៃគូសម្ព័ន្ធមេត្រីភាពថ្មីៗ ថែមទៀត
ទី៦៖ វាយតម្លៃត្រឹមត្រូវនូវគុណសម្បត្តិ (ចំណុចខ្លាំង) និងរកឱ្យឃើញនូវគុណវិបត្តិនានា និងចំណុចខ្សោយកន្លងមក ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសកែលម្អឡើងវិញទាន់ពេលវេលាផងដែរ៕