Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខចម្រើន នាឆ្នាំថ្មីប្រពៃជាតិខ្មែរ

20-03-2019 21:11

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា នារសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំចសំរឹទិ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ មីនា ឆ្នាំ២០១៩ បាននិមន្តព្រះសង្ឃរៀបចំពិធីសាសនាក្រុងពាលី និងអភិសេក ព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់មន្ត្រីរាជការនាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថា ពីធីបុណ្យបែបសាសនា ដែលប្រារព្ធធ្វើឡើងនេះ បានបញ្ជាក់ពីការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព និងក្តីសង្ឃឹម ព្រមទាំងលើកស្ទួយ និងការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានឧទ្ទិសកុសលផលបុណ្យ ដែលមកពីពិធីបុណ្យពុទ្ធាភិសេក បួងសួងសូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចតេជា ហ៊ុន សែន ឲ្យមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការរីចម្រើនបន្ថែមទៀត ជ្រកក្រោមម្លប់សន្តិភាព ដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន៕