(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ជាមូលប្បទានបត្រចំនួន ៣០លានរៀល ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំជូនដល់មជ្ឈមណ្ឌលនេះ បន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ជូនក្នុងឱកាសដែល សម្តេច បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស នៃមជ្ឈមណ្ឌលខាងលើនេះ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
ក្នុងពិធីប្រគល់ថវិកានោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះ កុមារី យុវនារី បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌលនេះ ។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសមកពីប្រទេសផ្សេងៗជាច្រើន ជាពិសេសគឺអាជ្ញាធរមូលដ្ឋានដែល ជួយធ្វើឱ្យកុមារី យុវនារីទាំងអស់មានភាពកក់ក្តៅ មានទីពឹងពាក់ និងអ្នកមួយចំនួនបានធ្វើសមាហរណកម្មទៅរស់នៅមូលដ្ឋានវិញ។
ទន្ទឹមនឹងនេះ លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិកមជ្ឈមណ្ឌលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ជានិច្ចកាល តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់បែបយ៉ាងចំពោះជីវភាពរបស់ប្រជាជន ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនងាយរងគ្រោះឱ្យបានរស់នៅក្នុងភាពថ្លៃថ្នូរ មានជីវភាពសមរម្យប្រសើរឡើងនៅក្នុងសង្គមជាតិមួយ៕