Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គរាជទូតជប៉ុន ចូលរួមរំលែកទុក្ខចំពោះករណី ចាក់សម្លាប់អ្នកបើករថយន្តឈ្នួលខ្មែរម្នាក់ បង្កឡើងដោយជនជាតិជប៉ុន២នាក់

20-03-2019 18:20

(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញសារមួយ តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមរំលែកទុក្ខចំពោះ ករណីសម្លាប់អ្នកបើករថយន្តឈ្នួលខ្មែរម្នាក់ លោក ហ៊ឹម ចាន់ ដែលបង្កឡើងដោយជនជាតិជប៉ុន២នាក់។

លោកអគ្គរាជទូត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាក្រៀមក្រំ នៅពេលដែលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួល លោក ហ៉ឹម ចាន់ ត្រូវជនជាតិជប៉ុន២រូបសម្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»

សូមបញ្ជាក់ថា ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ​ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។​

ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបណ្ដាលឲ្យជនរងគ្រោះ ម្ចាស់រថយន្ដតាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ស្លាប់​ធ្លាក់ចេញពីលើរថយន្ដ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យ២នាក់ គឺទី​១៖ឈ្មោះ​ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងទី​២៖ ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ។ ពួកបានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕