(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីជាលើកទី៣ ក្រោមប្រធានបទ «អភិបាលកិច្ចសាជីវកម្មល្អឆ្ពោះ ទៅកាន់កំណើនប្រកបដោយចីរភាព» នៅអគារ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមជាអធិបតីពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញ ចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនចុះបញ្ជី និងក្រុមហ៊ុនមូលបត្រជាច្រើនរូបផងដែរ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុនចុះបញ្ជី ទៅដល់វិនិយោគិនសាធារណៈ និងវិនិយោគិនស្ថាប័ន ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគដែលរួមមាន បច្ចុប្បន្នភាពរបស់ក្រុមហ៊ុន អភិបាលកិច្ច
សាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ គម្រោងអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែងផងដែរ។
វេទិកានេះត្រូវបានរៀបចំរយៈពេលមួយព្រឹកពេញ ដោយមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សាដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីតំណាងរបស់តួអង្គពាក់ព័ន្ធនៅក្នុងទីផ្សារមូលបត្រជាច្រើនរូប រួមមានគណៈកម្មការមូលបត្រកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។
តាមរយៈវេទិកានេះ វាគ្មិនដែលអញ្ជើញមកពីក្រុមហ៊ុនចុះបញ្ជី បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដោយផ្តាតលើ អភិបាលកិច្ច សាជីវកម្មដែលជាកត្តាចំបងនាំអោយក្រុមហ៊ុនមានការរីកចម្រើន និងកត់សម្គាល់ពីសំណាក់វិនិយោគិន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីទិសដៅអភិវឌ្ឍន៍ របស់ខ្លួនស្របជាមួយនឹងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ បន្តពីក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនមូលបត្រទាំងពីរ បានធ្វើការវិភាគទៅលើក្រុមហ៊ុនចុះបញ្ជី ដោយផ្តោតសំខាន់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចុះបញ្ជីខាងលើ។
ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរបស់វាគ្មិនទាំងអស់ អ្នកចូលរួមបានលើកជាសំនួរសំខាន់ៗទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ នៅក្នុងវេទិកាពិភាក្សាដែលទទួលបានការផ្តល់កិត្តិយស ក្នុងការសម្របសម្រួលពីសំណាក់លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាផងដែរ។
វេទិកាក្រុមហ៊ុនចុះបញ្ជីនេះ បានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុន ដែលជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា ក៏ដូចជាវិនិយោគិនសាធារណៈ និង
វិនិយោគិនស្ថាប័នរួមមានស្ថាប័នធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដែលមានសក្តានុពលក្នុងការ វិនិយោគប្រមាណចំនួន៨០រូប៕