(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនា ខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីបុណ្យចូលឆ្នាំៗនេះ រដ្ឋបាលខេត្ត បានសហការជាមួយវិស័យឯកជន ត្រៀមរៀបចំ «សង្គ្រាន្ដសមុទ្រ» សម្រាប់អបអរសារទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យមានភាពសប្បាយរីករាយ។
លោកបន្តថា ពិធីនេះ នឹងរៀបចំជាឆាកវេទិកាដ៏ធំមួយ សម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី រួមមាន៖
* ការសម្តែងរបាំត្រុដិ
* ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ
* ពិធីស្រង់ព្រះនៅថ្ងៃចូលឆ្នាំទី៣
* ការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង អង្គុញ ទាញ ព្រ័ត្រជាដើម)
* មានការប្រគុំតន្រី្ត សម្រាប់រាំលេងកម្សាន្ត
* ការសម្តែងសិល្បៈ ប្រពៃណី និងសហសម័យ
* ពិធីបណ្តែតគោមទឹក និងបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័ណ៌ផលិតផលផ្សេងៗ ចំនួនជិត៣០០ស្តង់។ បន្ថែមលើសពីនោះទៀត ក៏ត្រៀមរៀបចំឲ្យមានទីកន្លែង សម្រាប់បាញ់ទឹក គឺបន្ទាប់ពីពិធីស្រង់ព្រះរួច នៅពេលមានកម្តៅខ្លាំងផងដែរ។
លោកបន្តថា ក្រៅពីរៀបចំ «សង្គ្រាន្ដសមុទ្រ» មានរយៈពេល៣ថ្ងៃ ក៏មានរៀបចំកម្មវិធីតាំងពិព័ណ៌ លក់ផលិតផលរបស់វិស័យឯកជន រយៈពេល៥ថ្ងៃបន្ថែមទៀត នៅឆ្នេរឯករាជ្យ។ ក្នុងនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានត្រៀមរៀបចំកម្មវិធីកម្សាន្តប្លែកគ្នា ជាច្រើនប្រភេទទៀត ទៅតាមថ្ងៃនីមួយៗ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងផ្តល់ជម្រើសកម្សាន្ត សប្បាយជូនមហាជនទូទៅផង។
ត្រង់ចំណុចនេះ លោក យន្ត មីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ សូមអញ្ជើញមកទស្សនា ព្រឹត្តិការណ៍ «សង្រ្គាន្តសមុទ្រ» មិនធ្លាប់មានពីមុនមក នាខេត្តព្រះសីហនុឲ្យបានច្រើនកុះករ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ។
ចំណែកលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងថា បច្ចប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១ម៉ឺនបន្ទប់ សម្រាប់ទទួលភ្ញៀវជួលស្នាក់នៅ ឬចូលមកកម្សាន្តមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ។ លោកថា បន្ទប់សម្រាប់ស្នាក់នៅ គឺមានបើកបំរើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិមិនខ្វះនោះទេ ហើយមានតម្លៃសមរម្យថែមទៀតផង។
លោក សុចិត្រ គ្រឹស្នា បន្ថែមថា បច្ចុប្បន្ននេះ ក្រុងព្រះសីហនុ មានភោជនីយដ្ឋាន និងអាហារដ្ឋានជាង៣០០កន្លែង សម្រាប់ទទួលសេវាម្ហូបអាហារជូណ ដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ថែមទៀតផង។ បន្ថែមលើនេះ ខេត្តព្រះសីហនុ ក៏មានឆ្នេរដ៏ស្រស់ស្អាត មានសោភ័ណ្ឌភាព និងអនាម័យធំទូលាយរួមមាន៖ ឆ្នេរ ព្រែកត្រែង ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះជាដើម។
ក្រៅពីនេះ ក៏មានឆ្នេរនៅតាមបណ្តាកោះមួយចំនួនទៀត ដែលមានសោភ័ណ្ឌភាព ហើយភ្ញៀវទេសចរនិយមចូល ទៅកម្សាន្តមានដូចជា៖ ឆ្នេរឡុងសិត ឆ្នេរកោះតូច ឆ្នេរកោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត និងឆ្នេរភ្លោះកោះឋានសួគ៌ជាដើម។
លោក តាំង សុចិត្រគ្រឹស្នា អំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមអញ្ជើញចូលមកទស្សនា ខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឲ្យបានកុះករ ដើម្បីអបអរ «សង្រ្គាន្ដសមុទ្រ» ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំស្វាគមន៍ភ្ញៀវទេសចរ មិនធ្លាប់មានពីមុនមក៕