(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការដំឡើងឋានន្តរសក្តិ ការតែងតាំងមុខងារ និងការប្រគល់ភារកិច្ច គឺជាការ សម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទស្រប និងគោលការណ៍ច្បាប់ជាធរមាន។
ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការយោធភូមិភាគពិសេស មេបញ្ជាការរង និងនាយសេនាធិការ យោធភូមិភាគពិសេស នៅទីបញ្ជាការយោធភូមិភាគពិសេស រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដំឡើងឋានន្តរសក្តិ ការតែងតាំងមុខងារ ការប្រគល់ភារកិច្ច ដែលកំពុងធ្វើឡើងនៅថ្ងៃនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ ថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទស្រប និងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសការវាយតម្លៃទៅលើ ឆន្ទៈ សមត្ថភាព ចំណេះដឹង បទពិសោធន៍ ការតស៊ូ អំណត់ព្យាយាម និងឥរិយាបថទទួលខុសត្រូវ ចំពោះការងាររបស់សាម៉ីខ្លួន។ ការប្រគល់ភារកិច្ចនេះ យើងក៏គិតទៅដល់និរន្តរភាពផងដែរ ហើយសំខាន់បំផុតនោះ គឺការតែងតាំងប្រកបដោយប្រសិទ្ធភាពតម្លាភាព និងការឯកភាពផ្ទៃក្នុង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការតែងតាំង ការទទួលបាននូវមុខងារនេះ មិនមែនជាការផ្ទេរសិទ្ធិ ឬ ផ្ទេរអំណាចនោះទេ ប៉ុន្តែវាជាការផ្ទេរនូវការទទួលខុសត្រូវ បន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីឲ្យមានសិទ្ធិមានអំណាច នៅក្នុងការធ្វើការដឹកនាំ ហើយការទទួលខុសត្រូវ គឺត្រូវតែខ្ពស់ដាច់ខាត ដើម្បីធានានូវប្រសិទ្ធភាពការងារជូនកងទ័ពទាំងអស់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរក្នុងឱកាសវិសេសវិសាលនេះ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគពិសេសនាថ្ងៃនេះ។
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិមិន្ទ មេបញ្ជាការកងទ័ពជើងគោក រូបនេះ សូមធ្វើការកោតសរសើរយ៉ាងស្ងប់ស្ងែងចំពោះការ ខិតខំប្រឹងប្រែងនៃការកសាង នៅក្នុងអង្គភាពកន្លងទៅតាំងពីការលំបាក និងការដោះស្រាយបញ្ហាផ្សេងៗ គឺយើងតែងតែខិតខំឆ្នៃប្រឌិត បំពេញភារកិច្ចបានគ្រប់វិស័យ ទាំងការកសាងជុំរុំជម្រក ការហ្វឹកហ្វឺនក៏ដូចជាការទំនាក់ទំនងជិតស្និទ្ធ ជាមួយអាជ្ញាធរជាមួយអង្គភាពផ្សេងទៀត បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការឆ្លើយតបចំពោះគុណូបការៈ គុណបំណាច់ និងស្នាដៃរបស់ នាយឧត្តមសេនីយ៍ ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន នាពេលកន្លងមក ដែលជាទំនុកចិត្ត សម្រាប់ប្រមុខថ្នាក់ដឹកនាំ លោកបានតម្លើងឋារន្តឋានៈសក្តិនេះ គឺជាការសមស្របបំផុត ជាការទទួលស្គាល់ និងជាការលើកទឹកចិត្ត ចំពោះបុព្វហេតុជាតិមាតុភូមិ ក្នុងការខិតខំប្រឹងប្រែងរបស់លោក។
ឧត្តមសេនីយ៍ឯក បន្ដទៀតថា យោធភូមិភាគពិសេសគឺជាភូមិភាគមួយ បើប្រៀបធៀបជាមួយយោធភូមិភាគផ្សេងទៀត គឺមានការងារច្រើនជាងគេ នៅក្នុងតំណាក់កាលសន្តិភាព គឺដើរតួនាទីពិសេស ក្នុងថែរក្សាសេចក្តីសុខ ប្រជាពលរដ្ឋ សុវត្ថិភាពសំរាប់ប្រមុខថ្នាក់ដឹកនាំ។ ការការពារប្រទេសជាតិ គឺមិនចាំបាច់តែច្បាំងនៅលើសមរភូមិនោះទេ ការការពារសុខសន្តិភាព ស្ថេរភាពរបស់ថ្នាក់ដឹកនាំ គឺជាការងារសំខាន់។ ក្រៅពីនេះ ភូមិភាគ ក៏បានដើរតួនាទីសំខាន់ នៅក្នុងទំនាក់ទំនងជាមួយ និងបណ្តាប្រទេសផ្សេងៗ និងជាមួយភាគីមិត្ត នៅតាមតំបន់ព្រំដែន។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ដថា ការសម្រេចបានលទ្ធផលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងអំពី ការដឹកនាំ សមត្ថភាព ឆន្ទ: និងការឆ្នៃប្រឌិត នៅក្នុងការដឹកនាំ ការគៀងគរកម្លាំង ឲ្យបានគ្រប់គ្រាន់ នៅក្នុងការបំពេញបេសកម្ម ទោះបីជាក្នុងកាលៈទេសៈលំបាក និងកាលៈទេសៈស្មុគស្មាញ ពេលខ្លះកើតមានឡើងទាំងការងារនយោបាយ និងទាំងការងារយោធា។ សូមកោតសរសើរចំពោះការងារ ដែលភូមិភាគពិសេស ដែលសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកមេបញ្ជាការ និងនាយទាហានទាំងអស់។
លោកថា «បច្ចុប្បន្ននេះ ខ្ញុំពិនិត្យឃើញថា យោធភូមិភាគពិសេស រួមទាំងបណ្តាអង្គភាពចំណុះ កាន់តែត្រូវបានពង្រឹង និងមានការរីកចម្រើន គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ និងការងារជំនាញ ជាពិសេសការងារកសាង អង្គភាព, ការសហការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការសហការការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ, ការលើកកម្ពស់ជីវភាព និងថែរក្សាសុខុមាលភាពរបស់កងទ័ព ក្នុងនោះ ក៏រួមមានការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «ខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធិផល ដែលសម្រេចបានទាំងនេះ ជាពិសេសវាបានឆ្លុះ បញ្ចាំងឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្ត ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុង ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ»។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ដើម្បីចូលរួមអបអរសាទរចំពោះ លោក ព្រហ្ម ឌិន អតីតមេបញ្ជាការយោធភូមិភាគពិសេស ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ជាមួយគ្នានេះ លោកក៏សូមចូលរួមអបអរសាទរចំពោះ ឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ចំពោះការតែងតាំងមុខងារ ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ ក្នុងមុខងារជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស៕