(ភ្នំពេញ)៖ ដោយសារសម្លឹងឃើញចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរឥណ្ឌា លើដំណើរកម្សាន្តបែបសាសនា ពិសេសហិណ្ឌូ-ព្រហ្មញ្ញសាសនា និងទេសចរណ៍អាពាណ៍ពិពាណ៍នៅកម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុនទេសចរណ៍ SRAM & MRAM របស់ឥណ្ឌា ដើម្បីរួមគ្នាជំរុញលំហូរទេសចរទៅវិញទៅមក មុនការហោះហើរត្រង់កម្ពុជា-ឥណ្ឌាមកដល់។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA និងលោក សាឡេស ឡាជូ ហាយរ៉ាណាន់ដានី ប្រធានក្រុមហ៊ុន SRAM & MRAM។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈ លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការចុះអនុស្សរណៈនេះ គឺធ្វើឡើងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងសមាគម CATA ជាមួយក្រុមហ៊ុន SRAM & MRAM ដោយផ្ដោតទៅលើការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ពីគ្នាទៅវិញទៅមក តួយ៉ាងបើមានព្រឹត្តិការណ៍ទេសចរណ៍ធំៗណាមួយ ភាគីទាំងពីរនឹងជួយផ្សព្វផ្សាយពីគ្នាទៅវិញទៅមក។
លោកស្រីបានបន្តថា ក្រោយពីការពង្រឹងកិច្ចសហប្រតិបត្តិការនេះទៅ ភាគីទាំងពីរនឹងរៀបចំជាព្រឹត្តិការណ៍សាសនាហិណ្ឌូ នៅតាមប្រាសាទបុរាណខ្មែរនានា ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីឥណ្ឌា។ ភាគីឥណ្ឌាក៏នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជា ទៅដល់គោលដៅទេសចរណ៍របស់ខ្លួន នៅតាមរដ្ឋជាច្រើននៃប្រទេសឥណ្ឌាផងដែរ។
លោកស្រីបានបន្តទៀតថា នៅកម្ពុជា អ្វីដែលភ្ញៀវទេសចរឥណ្ឌាចាប់អារម្មណ៍ជាងគេ គឺដំណើរទេសចរណ៍បែបសាសនា ពីព្រោះកម្ពុជា-ឥណ្ឌាមានទំនាក់ទំនងជាមួយគ្នាតាំងពីបុរាណកាល ពិសេសគឺផ្នែកសាសនានេះតែម្ដង ក្នុងនោះសំណង់ប្រាសាទបុរាណជាច្រើន ដែលសាងសង់ឡើងតាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ពោលគឺពួកគេពិតជាចង់មកទស្សនាបុរាណដ្ឋានសាសនានៅកម្ពុជាណាស់ ពិសេសគឺតំបន់អង្គរខេត្តសៀមរាប។
លោកស្រីបន្ថែមថា ទីផ្សារភ្ញៀវទេសចរឥណ្ឌាមានសក្ដានុពលធំជាងទីផ្សារចិនទៅទៀត ប៉ុន្តែភ្ញៀវទេសចរឥណ្ឌាមិនទាន់ជាប់ក្នុងតារាង Top 10 របស់កម្ពុជានៅឡើយ នេះក៏ដោយសារនៅកម្ពុជាមិនទាន់មានសេវាកម្មបម្រើម្ហូបអាហារសម្រាប់ទេសចរឥណ្ឌា ពិសេសគឺមិនទាន់មានការហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា។
លោកប្រធានក្រុមហ៊ុន SRAM & MRAM បានឱ្យដឹងថា ភ្ញៀវទេសចរឥណ្ឌាពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ចំពោះដំណើរទេសចរបែបហិណ្ឌូសាសនានៅកម្ពុជា ពិសេសប្រាសាទអង្គរវត្ត ភ្នំគូលែនដែលជាមហិន្ទ្របព៌តដ៏ល្បីល្បាញ និងស័ក្តិសិទ្ធិ បារាយណ៍ធំៗ និងសំណង់ប្រាសាទបុរាណជាច្រើនទៀត។
ជាមួយគ្នានោះ ប្រជាជនឥណ្ឌាក៏ចង់ធ្វើដំណើរមករៀបអាពាណ៍ពិពាណ៍នៅកម្ពុជាដែរ ពិសេសពួកគេបានស្គាល់នូវទីតាំងបុរាណដ៏ល្អបំផុត សម្រាប់អាពាណ៍ពិពាណ៍របស់ពួកគេ គឺភ្នំគូលែននេះឯង ក្រៅពីនោះពួកគេបានទៅសម្រាកនៅសណ្ឋាគារសុខាអង្គរ។
ប្រធានក្រុមហ៊ុនទេសចរណ៍របស់ឥណ្ឌារូបនេះ បានបញ្ជាក់ថា ភាគីឥណ្ឌានឹងជំរុញលំហូរទេសចរពីឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន ពិសេសនៅពេលជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌាត្រូវបានតភ្ជាប់រួចរាល់៕