(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងសរុបថវិកាចំនួន ២៦២,៧៥០ដុល្លារដល់មន្ទីរពេទ្យ១ និងមណ្ឌលសុខាភិបាលចំនួន២ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ «ជំនួយគូសាណូណិ»។

ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងប្រធានប្រធានមន្ទីរពេទ្យកុមារអង្គរ ប្រធានសុខាភិបាល ខេត្តឧត្តរមានជ័យ និងប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី។

គម្រោងដែលបានផ្តល់ដល់អង្គភាពទាំង៣នេះ រួមមាន៖

*ទី១៖ គម្រោងតម្លើងឧបករណ៍វេជ្ជសាស្ត្រនៅផ្នែកថែទាំជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នូវថវិកាចំនួន៨៩,១១២ដុល្លារ អង្គភាពទទួលជំនួយមន្ទីរពេទ្យកុមារអង្គរ។ គម្រោងនេះ ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន២គ្រឿង ឧបករណ៍វាស់ចង្វាក់បេះដូងចំនួន១ និងម៉ាស៊ីនវាស់ឧស្ម័នក្នុងឈាមចំនួន១ នឹងត្រូវបានតម្លើងនៅផ្នែកថែទាំជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងហោចណាស់ដល់កុមារ៩០០នាក់ ដែលទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ហើយសមត្ថភាពនៃការព្យាបាលរបស់មន្ទីរពេទ្យនឹងមាននិរន្តរភាព និងប្រសើរឡើងតាមរយៈការតម្លើងឧបករណ៍វេជ្ជសាស្ត្រទាំងនោះ។

*ទី២៖ គម្រោងសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នូវថវិកាចំនួន៨៩,២៧៨ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។ គម្រោងនេះ នឹងសាងសង់អគារមណ្ឌលសុខភាពដែលមានបន្ទប់ផ្តល់សេវាសុខាភីបាលចំនួន១០ នឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នមណ្ឌលសុខភាពនេះ មានអគារដែលធ្វើពីឈើដែលមានដំបូលធ្លុះធ្លាយ ដូច្នេះ មណ្ឌលសុខភាពនឹងអាចផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់អ្នកជំងឺ ដោយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ១៩,៩០០នាក់ នៅក្នុងតំបន់។

*ទី៣៖ គម្រោងសាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់ ខេត្តមណ្ឌលគិរី នូវថវិកាចំនួន៨៩,១២៥ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងនេះ អគារសម្រាលកូន និងអគារជំងឺទូទៅនឹងត្រូវបានសាងសង់ក្នុងមណ្ឌលសុខភាពមេម៉ង់ ខេត្តមណ្ឌលគិរី។ ការកែលម្អបរិក្ខាសុខាភិបាលនឹងរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា ក្នុងតំបន់ប្រមាណ៦,៣០០នាក់។ លើសពីនេះទៀត គម្រោងនេះត្រូវបានរមពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសុខាភិបាល សម្រាប់អ្នកជំងឺដែលសម្រាកក្នុងមណ្ឌលសុខភាព។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា គម្រោងទី១៖ សម្រាប់មន្ទីរពេទ្យកុមារអង្គរ នេះនឹងផ្តល់អត្ថប្រយោជន៍ ដល់អ្នកជំងឺកុមារ ប្រមាណ៩០០នាក់ ហើយការតម្លើងឧបករណ៍វេជ្ជសាស្ត្រនេះ នឹងចូលរួមចំណែកក្នុងការកែលម្អសមត្ថភាព របស់ផ្នែកថែទាំងជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ, គម្រោងទី២៖ គឺជាគម្រោងសម្រាប់សាងសង់អគារមួយ ក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ។ ជាមួយគ្នានឹងគម្រោងនេះនឹងរំពឹងថាប្រជាជនក្នុងតំបន់ប្រមាណ១៩,៩០០នាក់ នឹងអាចទទួលបានសេវាវេជ្ជសាស្ត្រ ដែលល្អប្រសើរជាងមុនហើយ បរិក្ខាសុខាភិបាលក៏ត្រូវបានកែលម្អផងដែរ និងគម្រោងទី៣៖ សម្រាប់សាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់ ហើយគម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ប្រមាណ៦៣០០នាក់ ជាមួយគ្នានេះដែរអគារថ្មីនេះ នឹងចូលរួមចំណែកក្នុងការផ្តល់ការថែទាំសុខភាពមាតា និងបរិយាកាសសុខាភិបាលដែលល្អប្រសើរជាងមុន។

សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។ គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារជនងាយរង់គ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦១៥ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕