(ភ្នំពេញ)៖ សហគមន៍អ្នកផលិតអំបិលកំពត-កែប នឹងរៀបចំកិច្ចប្រជុំលើកចុងក្រោយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិភាក្សាសម្រេចថា នឹងត្រូវរំសាយសមាគមន៍អ្នកផលិតអំបិលកំពត-កែបចោល ឬមិនត្រូវរំសាយ។ នេះបើតាមការឲ្យដឹងពីលោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលកែប-កំពត។
លោក ប៊ុន បារាំង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការរំសាយសមាគមន៍អ្នកផលិតអំបិលកំពត-កែបនេះ នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខ។ ការគ្រោងនឹងរំសាយនេះដោយសារតែ អ្នកផលិតអំបិលមួយចំនួន មិនបានមកចូលរួម ជាមួយសហគមន៍បន្ដទៀត អ្នកខ្លះទៀតចប់អាណត្តិហើយសូមឈប់តែម្ដង។
លោកបន្ថែមថា «កត្តាដែលធ្វើឲ្យពួកគាត់សម្រេចឈប់ពីសហគមន៍អ្នកផលិតអំបិលកំពត-កែប ដោយសារតែអ្នកខ្លះចង់រកស៊ីនៅខាងក្រៅដោយខ្លួនឯង ព្រោះនៅក្រៅរកបានជាងក្នុងសហគមន៍ ដោយក្នុងសហគមន៍ពេលលក់បានត្រូវចែករំលែកឲ្យស្មើៗគ្នា»។
លោកឲ្យដឹងថា «ប្រសិនបើថ្ងៃទី២៥ខាងមុខនេះ មានអ្នកចូលរួមច្រើន សហគមន៍នឹងបន្ដដំណើរការធម្មតា ប៉ុន្ដែបើមិនមានទេនោះ នឹងត្រូវរំសាយចោល។ តាមរយៈការព្យាករណ៍ខ្ញុំគិតថា បន្ទាប់ពីប្រជុំនៅថ្ងៃទី២៥ ខែមីនាខាងមុខនេះ សហគមន៍ផលិតអំបិលកែប-កំពត អាចនឹងត្រូវរំសាយចោល»។
លោកបន្ថែមថា ទោះបីសហគមន៍អ្នកផលិតអំបិល-កែប ត្រូវរំសាយចោលក្ដី តែការផលិតអំបិលនៅតែបន្ដដដែល ដោយពួកគាត់នឹងផលិត និងលក់ចេញដោយខ្លួនឯង មិនមានការចូលរួមពីសហគមន៍ឡើយ។
លោក ឡាំ គឹមឡេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២០ ខែមីនានេះថា ចំពោះបញ្ហានៃការរំសាយសហគមន៍អ្នកផលិតអំបិលកំពត-កែប បណ្ដាមកពីការគ្រប់គ្រងរបស់សហគមន៍ ពុំមានតម្លាភាពមិនបានបម្រើផលប្រយោជន៍ដល់សមាជិកតូចតាច។
លោកថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាការងាររឿងសហគមន៍ផលិតអំបិលនេះ។
ចំពោះសំណួរថា តើបើសហគមន៍អ្នកផលិតអំបិលត្រូវរំលាយមែននោះ តើកម្ពុជានៅមានអ្នកផលិតអំបិលទេ? លោក ឡាំ គឹមឡេង អះអាងថា មិនមានបញ្ហាចោទនោះទេ ទោះបីសហគមន៍អ្នកផលិតអំបិលត្រូវបានរំសាយក្ដី ព្រោះថា យើងនៅតែមានអ្នកបន្ដផលិតអំបិល ហើយអាចផលិតបានច្រើនជាងពេលបច្ចុប្បន្នក៏ថាបាន៕