(ភ្នំពេញ)៖ ក្រុមហ៊ុនកាល់តិច នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីលទ្ធផលនៃការធ្វើតេស្ដ ដោយប្រើឧបករណ៍ Boroscope ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ខាងលើនេះ លោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផល របស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជា បានឲ្យដឹងថា អ្នកបើកបរយានយន្តជាធម្មតា មិនដឹងពីស្ថានភាព នៃយានយន្តរបស់ខ្លួនទេ។

លោកបន្ដថា «ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើង បង្ហាញដល់អ្នកបើកបរទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានដឹងថា ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron® ជួយរក្សាម៉ាស៊ីន យានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាល យានយន្តរបស់ពួកគេ»

គាត់ បានបន្តឲ្យដឹងទៀតថា «ការធ្វើតេស្ត ដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផល គួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រភេទរថយន្តចាស់ៗ ដែលចាក់ប្រេងឥន្ធនៈកាល់តិចទៀងទាត់ យើងពិនិត្យឃើញថា នៅក្នុងស៊ូប៉ាប់ម៉ាស៊ីន គឺនៅតែមានស្ថានភាពល្អបំផុត»

ការធ្វើតេស្ត ដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុង នៃប្រព័ន្ធប្រេងរបស់រថយន្ត ដែលធៀបទៅនឹងស្តង់ដារ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC) លើប្រព័ន្ធវាយតម្លៃកំណកក្រមរ ក្នុងស៊ូប៉ាប់ (IVD) ជាមួយលទ្ធផលពិន្ទុ១០ គឺបង្ហាញពីភាពស្អាតបំផុត។ នេះជាការបញ្ជាក់បន្ថែម របស់លោក Daniel Hwang។

លោក Daniel Hwang បានគូសបញ្ជាក់ថា ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកក្រមរកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈ នឹងត្រូវបានរំខាន ដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពលសន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និងចេញផ្សែងច្រើន៕