(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាពនេះ ឲ្យរស់ស្ថិតស្ថេរគង់វង្ស មិនឲ្យមានអ្នកណាមួយមកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាកបំផុត ជាការលះបង់សាច់ស្រស់ឈាមស្រស់របស់វិរៈជនស្នេហាជាតិ ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ។

ការលើកឡើងរបស់រដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តទួលសង្កែ ស្ថិតនៅក្នុងភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

លោក វង សូត បានឲ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំមិនចង់បានអ្វីក្រៅពីឃើញពលរដ្ឋរស់ នៅមានជីវភាពធូធារ រស់ដោយប្រទេសជាតិមាន សុខសន្តិភាព វឌ្ឍនៈភាព សង្គមរស់ដោយសេចក្តីថ្លៃថ្នូរនោះឡើយ។

រដ្ឋមន្ត្រី បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ»

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានជម្រុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យទទួលបានជោគជ័យ។

លោក វង សូត ក៏បានលើកឡើងអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ជាង៣លាននាក់ ហើយបានរំដោះប្រទេស ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ។

រដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីអារាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស ឲ្យមានអនាគតភ្លឺស្វាង និងក្លាយជាថ្នាក់ដឹកនាំប្រទេសប្រកបដោយគុណធម៌ផងដែរ។ ម្យ៉ាងទៀត សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាមប្រមាណជាង៤០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យព្រះពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា។

ក្នុងពិធីសំណេះសំណាលនាពេលនេះ រដ្ឋមន្ត្រី វង សូត និងលោកស្រី ក៏នាំយកអំណោយប្រគេនព្រសង្ឃ៧អង្គ ក្នុងមួយអង្គៗទទួលបានថវិការ៥ម៉ឺនរៀល និងចែកជូនដល់យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ក្រណាត់ស១ដុំ លោកគ្រូ អ្នកគ្រូ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល សិស្សកាយរិទ្ធ១១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ប្រជាការពារ ៤សែនរៀល មណ្ឌលសុខភាព ២លានរៀល ដោះស្រាយសំណើរនាយកសាលា ៦សាលារៀន ថវិការចំនួន១២លានរៀល និងចូលបុណ្យវត្តចំនួន ១៥លានរៀលផងដែរ នឹងជុសជុលផ្លូវចំនួន១លានរៀល ដែលចំណាយថវិកាអស់សរុប៣៣.៧៥០.០០០រៀល៕