(ប៉ៃលិន)៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាសមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនខេត្ត តំណាងឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ចុះជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រចំនួន០៧គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោកវរសេនីយ៍ឯក តូ គឹមឃុន បានឲ្យដឹងថា ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា។
ជាក់ស្តែងនៅពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានធ្វើការសាងសង់ ផ្ទះជូនអតីតយុទ្ធជនក្រីក្រ ដែលគ្មានដី និងផ្ទះសម្បែងរស់នៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់មានលំនៅដ្ឋានរស់នៅសមរម្យ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនអតីតយុទ្ធជន គឺជាយុទ្ធមិត្តដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សូមបញ្ជាក់ថា ការសាសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ០៧គ្រួសារនេះ មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងក្តា ប្រក់ស័ង្គសី ដែលស្ថិតនៅសង្កាត់អូរតាវ៉ៅ ចំនួន០៣គ្រួសារ, សង្កាត់បរយ៉ាខា ចំនួន០១គ្រួសារ, ឃុំស្ទឹងកាច់ ចំនួន០១គ្រួសារ, សង្កាត់ប៉ៃលិន ចំនួន០១គ្រួសារ និងឃុំអូរអណ្តូង ចំនួន០១គ្រួសារផងដែរ។ ក្រុមការងារមានទិសដៅបន្តគ្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន៣៦គ្រួសារបន្ថែមទៀត ដល់បងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ ក្នុងនោះមានចំនួន០៣គ្រួសារ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ៕