(ភ្នំពេញ)៖ ថ្លែងទៅកាន់សិក្ខាកាមចំនួន៤០នាក់ ដែលបញ្ចប់វគ្គបណ្ដុះបណ្តាលជំនាញអធិការកិច្ចបឋមស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ចជំនាន់ទី២ វគ្គ១ កំរិតទី១ នៅទីស្តីការក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងទៅធ្វើអធិការកិច្ចគេ ត្រូវពិនិត្យខ្លួនឯងជាមុន ដោយយកអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មកធ្វើជាមូលដ្ឋានគ្រឹះ។ ព្រោះការងារអធិការកិច្ច គឺជាការងារដ៏មានសារសំខាន់ និងស្មុគស្មាញដែលទាមទារឲ្យមន្រ្តីអធិការកិច្ចមានសមត្ថភាព ជំនាញជ្រៅជ្រះ និងច្បាស់លាស់។
លោកបណ្ឌិត ចាប សុថារិទ្ធ បញ្ជាក់ទៀតថា ដោយមើលឃើញបែបនេះហើយ ទើបលោកស្រីឧបនាយករដ្ឋមន្ត្រី បានខិតខំបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចនេះឡើង ដើម្បីធ្វើជាយន្តការ ក្នុងការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីអធិការកិច្ច ឲ្យមានកាយសម្បទាវិជ្ជាជីវៈពិតប្រាកដ។ រីឯវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ច ដែលបានបញ្ចប់នាពេលនេះ គឺដើម្បីរួមចំណែកអនុវត្ត ឲ្យមានប្រសិទ្ធភាព និងជោគជ័យនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាល ទី៦នៃរដ្ឋសភា ដែលបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាវិស័យអាទិភាពទី១ នៃយុទ្ធសាស្រ្តចតុកោណ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ចាប សុថារិទ្ធ បានលើកយកប្រសាសន៍ណែនាំរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ចំនួនបីចំណុចសំខាន់ៗ មកធ្វើការជំរាបជូនដល់សិក្ខាកាមទាំងអស់ដើម្បីអនុវត្ត រួមមាន៖
*ទី១៖ យើងត្រូវចងចាំថា បើយើងមានចំណេះដឹង និងជំនាញហើយ តែមិនមានឆន្ទៈ បំពេញការងារឲ្យបានត្រឹមត្រូវ យើងក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ដូច្នេះសិក្ខាកាមទាំងអស់ ដែលបានទទួលការបណ្តុះ បណ្តាលត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះ ទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអភិវឌ្ឍអង្គភាព និងពង្រឹងប្រសិទ្ធភាព ការងារឲ្យកាន់តែល្អប្រសើរ នោះវានឹងក្លាយជាធាតុចូលមួយក្នុងការរួមចំណែកដល់ការលើក កម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
*ទី២៖ សិក្ខាកាមក៏ដូចជាគណៈប្រតិភូអធិការកិច្ចទាំងអស់ ក៏ត្រូវចងចាំផងដែរថា នៅពេលចុះបំពេញបេសកកម្ម យើងត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ ឯករាជ សុចរិតភាព ស្អាតស្អំមិនលំអៀង តមា្លភាព និងទទួលខុសត្រូវខ្ពស់ដោយឈរលើគោលការណ៍ ច្បាប់ជាធំនិងគោរពតាមអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅបម្រើសេវាសាធារណៈឲ្យកាន់តែល្អ។ ធ្វើដូច្នេះ ទើបអាចរក្សាសេចក្តីថ្លៃថ្នូរក្នុងការរួមចំណែកក្នុងការបង្ការទប់ស្កាត់ កែលម្អនិងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាចនិងបាតុភាពអសកកម្មនានា ប្រកបដោយប្រសិទ្ធភាព។
*ទី៣៖ អង្គភាពក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រផ្តល់កិច្ចសហការ និងត្រូវចាត់មន្រ្តីមកចូលរួមការបណ្តុះបណ្តាល ដើម្បីឲ្យវិទ្យាស្ថានជាតិអធិការកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
បើតាមរបាយការណ៍របស់លោកបណ្ឌិត សោម បូរ៉ាន់ នាកយកវិទ្យាស្ថានជាតិអធិការកិច្ច បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋមស្តីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមសរុបចំនួន៤០នាក់ មកពីអគ្គនាយកដ្ឋានទាំងបី និងមន្ទីរ ទាំង២៥រាជធានី-ខេត្ត ត្រូវបណ្តុះបណ្តាលលើប្រធានបទចំនួន០៦រួមមាន៖ ទស្សនៈទូទៅ នៃការងារអធិការកិច្ច, ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច-ច្បាប់ និងលិខិតបទដ្ឋានក្នុង សកម្មភាពអធិការកិច្ច ភារកិច្ច និងសិទ្ធិអំណាចរបស់មន្រ្តីអធិការកិច្ច វិធីសាស្រ្តធ្វើអធិការកិច្ច បណ្តឹង និងបែបបទនៃការដោះស្រាយបណ្តឹង។
បើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួង នៅក្រោយបញ្ចប់ ពិធីចែកវិញ្ញាបនប័ត្រ នៃវគ្គបណ្តុះបណ្តាលនេះថា វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ០៣ អនបក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដែលមកដល់បច្ចុប្បន្នក្រោមការខិតខំ និងណែនាំដោយផ្ទាល់ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឲ្យវិទ្យាស្ថានមួយនេះ ក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សយ៉ាងសំខាន៉ លើវិស័យអធិការកិច្ច បើទោះជាយើងទើបដំណើរការបណ្តុះ បណ្តាល កំរិតបឋមក៏ពិតមែន ប៉ុន្តែពេលខាងមុខបន្ទាប់ពីអគារវិទ្យាស្ថានសាងសង់រួច យើងនឹងខិតខំរៀបចំ ឲ្យមានការបណ្តុះ បណ្តាលគ្រប់កំរិត ក្រោមកិច្ចស្វែងរកដៃគូរទាំងក្នុង និងក្រៅប្រទេស ឲ្យមកចូលរួមផងដែរ៕