(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ឱ្យតាមចាប់ខ្លួនក្រុមប្រឆាំងមួយចំនួន ដែលព្យាយាមប្រមូលកម្លាំងឱ្យទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិខុសច្បាប់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា។
ចំណាត់ការនេះបានធ្វើឡើង ទណ្ឌិត សម រង្ស៉ី បានចេញបញ្ជាឱ្យបង្កើតគណៈកម្មការចំពោះកិច្ច ហើយអំពាវនាវឱ្យសកម្មជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយខ្លួន ដើម្បីដណ្តើមអំណាចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលកើតចេញពីការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានតាមដាននូវសកម្មភាពក្រុមប្រឆាំងមួយចំនួន ដែលពាក់ព័ន្ធនឹងករណីនេះ នៅក្នុងប្រទេស។ សម្តេចក៏បានរកឃើញនូវ ជន២ ឬ៣រូប ដែលកំពុងធ្វើសកម្មភាព។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពោធិ៍សាត់ វាលវែង អាហ្នឹងជើងខ្លាំង ចាំអញរុញព័ត៌មានមួយចំនួនទៅឱ្យ គួបផ្សំអាមួយអ្នកភ្នំពេញ កំពង់ចាម តែអ្នកភ្នំពេញ គឺប្រុងរត់ធ្លាក់អន្លង់វែង ប៉ុន្តែ២ថ្ងៃនេះ មកនៅកៀនស្វាយ មកវិញហើយ លឺប៉ុណ្ណឹងរត់ទៀត បើមិនស្រួល នេះគឺកម្លាំងស្រួច»។
សម្តេចតេជោបានបន្តថា «កុំណា ! កុំឱ្យសោះអារឿងគណៈកម្មការចំពោះកិច្ច១ឃុំ ប៉ុន្មាននាក់ៗវ៉ៃខ្នោះជាប់រហូត ហើយតិចថាខ្ញុំខ្លាច គេមកពិនិត្យ EBA ម៉េចលោក ហ៊ុន សែន និយាយអញ្ចឹង ទេ ! អារឿងខុសច្បាប់ អត់មាន EBA ឬមិន EBA នោះទេ តែខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា៖ «រៀបចំកម្លាំងស្អី អ្នកឯងរៀបចំកម្លាំងធ្វើភេរវកម្មឬ? ត្រៀមប្រយុទ្ធឬ? ប្រាប់ឱ្យហើយ ផ្ញើសារឱ្យទូរទាំងប្រទេស បញ្ឈប់ទៅសកម្មភាព គណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ នៅវាលវែង ខេត្តណាៗ និយាយឱ្យត្រង់ថា ឃើញ១វ៉ៃ១ទៅ ចេញបញ្ជាអញ្ចឹង បើអ្នកឯងគ្មានសិទ្ធិធ្វើនយោបាយ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៉ី និងបក្ខពួក ៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីនេះដែរ។
អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់៕