(កំពង់ឆ្នាំង)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបង្កើតពានបាល់ទាត់ហ្វូតសាលលើកដំបូង ប្រចាំឆ្នាំង២០១៩ ដើម្បីស្វែងរកកីឡាករប្រកបដោយគុណភាព ត្រៀមប្រកួតតំណាងឲ្យជាតិក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គោលបំណងដែលបង្កើតពានរង្វាន់នេះឡើង គឺដើម្បីបំផុសស្មារតីយុវជនស្រឡាញ់ និងចូលចិត្តលេងកីឡា ក្នុងន័យស្វែងរកកីឡាករប្រកបដោយគុណភាព ត្រៀមប្រកួតតំណាងឲ្យជាតិ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថា ភាពជោគជ័យនេះ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់ការរៀបចំ សកម្មភាពកីឡានៅឆ្នាំក្រោយៗទៀត ដើម្បីឲ្យយុវជនយកពេលទំនេរមកលេងកីឡា ជាជាងទៅប្រព្រឹត្តអំពើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើមនាំឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ ស.ស.យ.ក ឆ្នាំ២០១៩ លើកទី១ ប្រចាំឆ្នាំ២០១៩ មាន១៦ក្រុមចូលរួមចែកចេញជា៤ពូល មកពីស្រុក និងក្រុងទូទាំងខេត្តកំពង់ឆ្នាំង ក្រុម Pitou FC បានក្លាយជាជើងឯក លេខ២ក្រុមអះម៉ាទីយ៉ា ខណៈលេខ៣បានទៅក្រុម ស.ស.យ.ក ស្រុកសាមគ្គីមានជ័យ និងក្រុម ស.ស.យ.ក ក្រុងកំពង់ឆ្នាំង ក្រុមបន្ទាយលង្វែកទទួលបានលេខ៤ ហើយក៏មានក្រុម Fair Play និងអ្នកស៊ុតបញ្ជូលទីច្រើនជាងផងដែរ៕