(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យសុខាភិបាល ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសចំពោះស្ត្រីដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
ការលើកឡើងបែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាតំណាងរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធមន្ទីរពេទ្យស្ត្រី «នគរទេព» ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះថា៖ «វិស័យសុខាភិបាលយើងមានការរីកចម្រើនខ្លាំងណាស់ មានមន្ទីរពេទ្យជំនាញ មន្ទីរពេទ្យទូទៅ សម្រាប់បុរស ស្ត្រី មានមន្ទីរពេទ្យកុមារ ដល់ទៅពីរ គឺមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ ឥឡូវមានមន្ទីរពេទ្យសម្រាប់នារី។ ដូច្នេះ យើងក៏មានមន្ទីរពេទ្យគ្រប់គ្រាន់ទាំងអស់ មន្ទីរពេទ្យសម្រាប់បុរស សម្រាប់ស្ត្រី ហើយមន្ទីរពេទ្យសម្រាប់នារី នឹងជួយនារីយើងដែលមានការខ្វះខាត ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខភាពរបស់នារីយើង»។
ជាមួយគ្នានេះដែរលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និជាសហស្ថាបនិកមូលនិធិមួយរូបរបស់មន្ទីរពេទ្យស្ត្រី «នគរទេព» បានលើកឡើងថា មន្ទីរពេទ្យស្ត្រី «នគរទេព» នេះកើតចេញពីមូលនិធិ «នគរទេព» បង្កើតឡើង ដើម្បីថែទាំសុខភាពស្ត្រីទូទាំងប្រទេសស្ត្រីក្រីក្រ និងមានលទ្ធភាពអាចព្យាបាលជំងឺមហារីកស្ត្រីដូចជា៖ មហារីកស្បូន-សុដន់ ជាដើមដោយបច្ចេកវិទ្យា និងប្រើប្រាស់វិទ្យុសកម្ម និងផ្តល់សេវាពិគ្រោះយោបល់ទាក់ទងរោគស្ត្រី។ល។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា មន្ទីរពេទ្យ «នគរទេព» បានចូលរួមចំណែកទំនើប ក្នុងវិស័យសុខាភិបាល និងចូលរួមគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ស្ត្រី ដោយមន្ទីរពេទ្យ «នគរទេព» ជាមន្ទីរពេទ្យមនុស្សធម៌ សម្រាប់ស្ត្រីដែលមានការខ្វះខាត។ មន្ទីរពេទ្យមានកិច្ចសហការមួយមន្ទីរ នៅប្រទេសមួយចំនួន និងសហការជាមួយក្រសួងសុខាភិបាល លើការផ្តល់សេវាសុខភាព កាន់តែប្រសើរចំពោះស្ត្រី។
នាឱកាសនោះដែរឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សមិទ្ធិផលដ៏ថ្លៃថ្លានេះ ប្រជាជនកម្ពុជា ជាពិសេសនារីខ្មែរគ្រប់រូប សូមសម្តែងនូវកតញ្ញូ ដឹងគុណដ៏ជ្រាលជ្រៅបំផុតថ្វាតសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិ ខ្មែរ ចំពោះហឫទ័យសប្បុរសធម៌ព្រះប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនដល់មូលនិធិនគរទេពនេះ ដែលជាគំរូដ៏ពិសិដ្ឋលើកកម្ពស់ស្ត្រីក្នុងសង្គមខ្មែរ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ដោយមានការដឹកនាំប្រកបដោយចក្ខុវិស័យ និងទេពកោសល្យរបស់ សម្តេចតេជោហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យសុខាភិបាល ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសចំពោះស្ត្រី ដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្ត «ក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម» ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសស្ត្រី និងក្មេងស្រីទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះការលើកតម្លៃស្ត្រី នៅក្នុងសង្គមកម្ពុជា ព្រមទាំងផ្តល់ការការពារ ដល់ស្ត្រីគ្រប់រូប ដោយថ្មីៗនេះសម្តេចតេជោ បានបង្កើត «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ស្ថិតនៅក្រោមការគ្រប់គ្រង និងថវិកាផ្ទាល់របស់សម្តេច ដើម្បីជួយដល់ស្ត្រីក្រីក្រ នៅទូទាំងប្រទេសដែលងាយរងគ្រោះ និងទន់ខ្សោយដោយមិនគិតថ្លៃ ដែលមានបញ្ហាចំពោះមុខតុលាការ៕