(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ប្រទេសកម្ពុជា និងមូលនិធិសកល បានសម្រេចគោលដៅដ៏ធំធេងរួមគ្នា ក្នុងទសវស្សរ៍កន្លងមក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងកំពុងបន្តនៅក្នុងទិសដៅមួយដ៏ត្រឹមត្រូវ។ តាមរយៈភាពជាដៃគូការរាប់រកគ្នា និងសហប្រតិបត្តិការ ប្រទេសកម្ពុជាកំពុងខិតទៅជិតដល់គោលដៅ ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ របេង និងគ្រុនចាញ់ហើយ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ធ្វើឡើងក្នុងឱកាសដែលលោកចូលរួមជាអធិបតីភាព ក្នុងពិធីមានសិក្ខាសាលាផ្សព្វផ្សាយ ព័ត៌មាន ប្រចាំឆ្នាំ២០១៩ នៃការវាយតម្លៃក្នុងពេលអនាគត ប្រចាំប្រទេសរបស់មូលនិធិសកល នៅកម្ពុជា លើកទី២ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់។
នៅក្នុងពិធីនោះ ក៏មានថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងក្រុមវាយតម្លៃបច្ចេកទេសគំរូ តំណាងស្ថានទូតអាល្លឺម៉ង់ តំណាងធនាគារពិភពលោក សមាជិកគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស តំណាងអង្គការ UNAIDS តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ប្រមាណ៧០នាក់។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តទៀតថា កាលពី២ឆ្នាំមុន ក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល តាមរយៈក្រុមវាយតម្លៃបច្ចេកទេសគំរូ (Technical Evaluation Reference Group) បានស្នើឲ្យមានការវាយតម្លៃ ក្នុងពេលអនាគតប្រចាំប្រទេស ដើម្បីផ្តល់នូវអនុសាសន៍ គ្រប់ជ្រុងជ្រោយមួយនៃការអនុវត្ត និងផលប៉ះពាល់នៃយុទ្ធសាស្រ្ត របស់មូលនិធិសកល នៅឆ្នាំ២០១៧-២០២០ «ការវិនិយោគ ដើម្បីបញ្ចប់ការឆ្លងរាលដាល»។ សកម្មភាពនេះកំពុងបន្តនៅក្នុងប្រទេស៨ ហើយយើងមានភ័ព្វវាសនា និងកិត្តិយសដែលកម្ពុជាត្រូវបានជ្រើសរើស ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ។
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍រូបនេះបានបន្តថា ការវាយតម្លៃក្នុងពេលអនាគត ប្រចាំប្រទេសបានប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាអស់រយៈពេល២ឆ្នាំហើយ មកដល់ពេលនេះ នៅក្នុងបរិយាកាសមួយ ដែលត្រូវបានផ្លាស់ប្តូរ និងវិវឌ្ឍ។ ក្នុងឋានៈជាអ្នកទទួលជំនួយផ្ទាល់ថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួនាទីថ្មី និងការទទួលខុសត្រូវថ្មី រួមជាមួយក្រសួងសុខាភិបាល។ ជារឿងសំខាន់ណាស់ដែលការកាត់បន្ថយថវិកាជំនួយ ពីម្ចាស់ជំនួយខាងក្រៅដល់កម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា កាន់តែជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ របេង និងគ្រុនចាញ់នៅកម្រិតជាតិ។ ការប្រែប្រួលទាំងនេះ នៅក្នុងទិដ្ឋភាពសុខាភិបាល ធ្វើឲ្យការវាយតម្លៃ ក្នុងពេលអនាគតប្រចាំប្រទេស មានការជាប់ពាក់ព័ន្ធកាន់តែខ្លាំង។
សូមបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងសំខាន់ៗមួយចំនួន ដូចជា ទី១៖ បង្ហាញទិដ្ឋភាពទូទៅនៃសកម្មភាព ក្នុងការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេស របស់មូលនិធិសកលនៅឆ្នាំ២០១៨, ទី២៖ បង្ហាញនូវការសំយោគលទ្ធផលគំរូ ធុរកិច្ចរបស់មូលនិធិសកល នៅបណ្តាប្រទេសដែលធ្វើការវាយតម្លៃ ក្នុងពេលអនាគតប្រចាំប្រទេសទាំង៨, ទី៣៖ បង្ហាញអំពីដំណើរការនៃការវាយតម្លៃ និងការប៉ាន់ប្រមាណឥទ្ធិពល នៃលទ្ធផលការវាយតម្លៃក្នុងពេលអនាគត ប្រចាំប្រទេសកម្ពុជា, ទី៤៖ ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធក្នុងប្រទេស ធ្វើការសំណេះសំណាលលើបញ្ហាអាទិភាព សម្រាប់ឆ្នាំ២០១៩, ទី ៥៖ ផ្តល់សុពលភាព និងកែសម្រួលបញ្ហាអាទិភាព ដែលបានស្នើឡើងសម្រាប់ឆ្នាំ ២០១៩ និង៦) ជួយអ្នកពាក់ព័ន្ធឲ្យទទួលយកចំណែក៕