(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅកាន់ លោក សម រង្ស៉ី តែម្តងថា កុំឱ្យប្រមាថមើលងាយចំពោះអតីតសហការីរបស់ខ្លួន ដែលមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដូចទំនិញទិញដូរឱ្យសោះ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានវាយប្រហារប្រមាថមើលងាយជាបន្តបន្ទាប់ពីទៅលើ អតីតថ្នាក់ដឹកនាំមួយចំនួន ក្នុងចំណោមអតីតថ្នាក់ដឹកនាំ CNRP ជាប់បម្រាមនយោបាយ១១៨រូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយចាត់ទុកថា ជាការលក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។
លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះកុំប្រញ៉ាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន ឆាប់ពេក»។
ក្រុមប្រឆាំងបានបង្ហោះ Facebook ចោទប្រកាន់ថា អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានថវិកាប្រមាណ១០ ទៅ២០ម៉ឺនដុល្លារ ហើយបើអ្នកនោះទាក់ទាញមនុស្សទៅសុំសិទ្ធិបានទៀត នឹងទទួលបាន ២ ទៅ៣ម៉ឺនដុល្លារថែមទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់យ៉ាងចាស់ដៃចំពោះ លោក សម រង្ស៉ី ដែលបានចាត់ទុក អតីតសហការីរបស់ខ្លួនជាទំនិញទិញដូរ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំផ្តាំទៅ អ្នកកុំចាត់ទុកអតីតសហការីរបស់អ្នក ជាទំនិញលក់ដូរឱ្យសោះ កុំមើលស្រាល អ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិធ្វើនយោបាយ ដើម្បីសេរីភាពរបស់គេ បែរជាក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ។ ហ៊ុន សែន គ្មានការចាំបាច់ ដើម្បីទៅទិញនរណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជាសត្វធាតុ ឬជាវត្ថុសម្រាប់លក់ទេ»។
ក្នុងនាមជាមេដឹកនាំប្រទេស សម្តេចតេជោបានផ្តល់ទស្សនទានថា ត្រូវគោរពចំពោះសេរីភាពរបស់មនុស្សទាំងអស់ ទោះបីមនុស្សនោះ នៅក្នុងគណបក្សនយោបាយណាក៏ដោយ។ សម្តេចបញ្ជាក់ថា «អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព អ្នកដែលមិនសុំសិទ្ធិ ក៏យើងខ្ញុំគោរពចំពោះសេចក្តីសម្រេចរបស់អ្នក ហេតុអ្វីក៏អ្នកមើលងាយដល់អ្នកដែលធ្លាប់ធ្វើការជាមួយអ្នក ទៅជាទំនិញលក់ដូរទៅវិញ»។
គិតរហូតដល់ពេលនេះ (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩) មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ក្នុងចំណោមមនុស្ស១១៨នាក់ ដែលជាប់បម្រាមនយោបាយ ត្រូវបាន ព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បានយោបាយឡើងវិញជាបន្តបន្ទាប់ ក្រោយពេលពួកគេបានដាក់លិខិតស្នើសុំ ទៅកាន់ក្រសួងមហាផ្ទៃ។
អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ ទី២៖លោក គង់ បូរ៉ា ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និងទី៩៖ លោក ច័ន្ទ សិលា ផងដែរ។
ក្នុងចំណោមអ្នកដែលស្នើសុំសិទ្ធិធ្វើនយោបាយទាំងនោះ មានអ្នកបានប្រតិកម្មខឹងសម្បារ ចំពោះអ្នកជេរប្រមាថខ្លួនថាលក់ក្បាល ចំណែកអ្នកខ្លះទៀត បានត្រឹមអំពាវនាវសុំការយោគយល់ កុំឱ្យមានការជេរប្រមាថចំពោះអ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយតែប៉ុណ្ណោះ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ សុំមិនធ្វើអត្ថាធិប្បាយនៅពេលនេះទេ ដោយលោករង់ចាំប្រកាសក្នុងសន្និសីទមួយនៅពេលខាងមុខ។ ប៉ុន្តែកន្លងមក លោកបានចេញមុខអំពាវនាវសុំកុំឱ្យសមាជិកអតីតគណបក្សសង្រ្គោះជាតិ ជេរប្រមាថលើបុគ្គលដែលទៅស្នើសុំសិទ្ធិធ្វើនយោបាយ។
នៅក្នុងពិធីសំណេះសំណាលដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីចំណុចពិសេស និងថ្លៃថ្នូរបស់ គណបក្សប្រជាជនកម្ពុជា ដែលមិនវាយប្រហារប្រមាថ មើលងាយលើបុគ្គលដែលបានចាកចេញពីបក្សនេះ ដូចអតីតគណបក្សប្រឆាំងឡើយ។ សម្តេចសម្តែងការអាណិតអាសូរចំពោះ អ្នកដែលចាកចេញពីគណបក្សប្រឆាំង ដែលត្រូវបានគេប្រមាថសុទ្ធតែជាអាយ៉ង ឬសាច់ស្អុយជាដើម។
សម្តេចបានថ្លែងបន្តទៀតថា៖ «គួរឱ្យអាសូណាស់ តាំងពីឆ្នាំ២០០៨ ខ្ញុំបានសង្កេតឃើញថា ពេលនោះអតីតអ្នកតំណាងរាស្រ្តមួយចំនួនចេញ ពីគណបក្សផ្សេងមកកាន់គណបក្សប្រជាជន គេចាត់ទុកថា ជាសាច់ស្អុយរលួយ ឥឡូវនៅបន្តទៀតហើយ ជាសាច់ស្អុយ សាច់រលួយ ត្រូវបានគេទិញត្រូវបានគេដូរ»។
ទន្ទឹមនឹងការលើកឡើងនោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យជនបរទេសទាំងអស់ វិនិច្ឆ័យឱ្យបានពិតប្រាកដចំពោះជនដែលពួកគេចាត់ទុកថា ជាអ្នកប្រជាធបិតេយ្យកន្លងទៅនេះ។ សម្តេចបានចោទសួរថា តើអ្នកប្រជាធិបតេយ្យ ត្រូវខ្ទប់សិទ្ធិរបស់គេឬទេ? ឆ្លៀតពេលនោះ សម្តេចក៏ទម្លាយរឿងដែលលោក សម រង្ស៉ី ធ្វើការឱ្យសម្តេច កាលពីឆ្នាំ២០០៦ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញពី សំឡេង២ភាគ៣ មក៥០បូក១។
សម្តេចបញ្ជាក់ថា «ទាល់តែគេនៅជាមួយខ្លួនទើបស្នេហាជាតិ ដល់គេចេញពីខ្លួនថាគេក្បត់ជាតិ ប៉ុន្តែអាអ្នកដែលជេរគេថា ក្បត់ជាតិ ត្រូវបានខ្ញុំប្រើក្បាលវា វាមិនគិតផង និយាយរួម ក្បាលពួកអានេះស្រួល ខ្ញុំនិយាយអញ្ចឹងតែម្តង ប្រើយ៉ាងម៉េច? គឺប្រើឱ្យហ្អែង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦»។
សម្តេចបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «នៅស្រុកខ្មែរ គ្មានអ្នកនយោបាយណាមួយ ដែលមិនសហការជាមួយ ហ៊ុន សែន ទេ តែបើអ្នកឯងនិយាយរបៀបហ្នឹង ខ្ញុំនិយាយថា អ្នកឯងធ្លាប់បម្រើខ្ញុំ ហើយជួយខ្ញុំឱ្យដោះស្រាយបានសភាពការណ៍ ដោយមិនមានការជាប់គាំងណាមួយ ក្រោយការបោះឆ្នោត ខ្ញុំអរគុណអ្នកឯង តែសុំបញ្ជាក់ថា នោះគឺខ្ញុំបានប្រើក្បាលអ្នកឯង ក្នុងពេលដែលអ្នកឯងបានជេរខ្ញុំថា អាយ៉ង»។
សម្រាប់ការសុំសិទ្ធិធ្វើនយោបាយវិញនោះ សម្តេចនៅតែជួយបង្កលក្ខណៈ ដើម្បីស្នើថ្វាយព្រះមហាក្សត្រ សុំនីតិសម្បទានយោបាយ ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលច្បាប់បានប្រគល់ការងារឱ្យ។ ប៉ុន្តែសម្តេចក៏បានបញ្ជាក់ផងដែរថា បើសិនជាមិនសុំសិទ្ធិធ្វើនយោបាយនោះ ក្រុមប្រឆាំងនឹងបាត់បង់ឱកាស ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែឧសភា ឆ្នាំ២០២២។
សម្តេចបានបញ្ជាក់ថា «ពិតមែនហើយ នៅពេលខាងមុខ ខ្ញុំនឹងពិនិត្យថា នរណាគួរបាន នរណាគួរមិនបានផងដែរ ព្រោះខ្ញុំបាននិយាយហើយថា មកឬមិនមក មិនមែនមុខដូចម៉ែខ្ញុំទេ ប៉ុន្តែគ្រាន់តែដឹងថា ឆ្នាំ២០២២ អ្នកមិនបានចូលរួមបោះឆ្នោតឃុំ ដែលនឹងគ្រោងបោះ នៅខែឧសភា ឆ្នាំ២០២២ ឯអ្នកនឹងទទួលបានសិទ្ធិ នៅខែវិច្ឆិកា ឆ្នាំ២០២២ឯនោះ ដូច្នេះអ្នកនឹងបាត់បង់ឱកាស»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការដែលក្រុមប្រឆាំងមួយចំនួនដែលជាប់បម្រាមនយោបាយ មិនចូលមកសុំសិទ្ធិធ្វើនយោបាយ នៅពេលនេះ ក៏បានជួយធ្វើឱ្យសម្តេចកាន់តែមានឱកាសស្រួលគ្រប់គ្រងផ្ទៃក្នុងប្រទេសផងដែរ៕